ប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។ ប៉ុន្តែចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកម្សាន្តសប្បាយនានា នៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសគឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន នៅលើផេកផ្លូវការ ថ្ងៃទី ១២ ខែមេសា ខណៈខណៈដែលថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឈានចូលមកដល់នៅថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០។
សម្ដេចនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ដោយសារជំងឺកូវីដ-១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយ ដែលនឹងសងជូនថ្ងៃឈប់សម្រាក (០៥) ថ្ងៃមកវិញ នៅពេលណា ដែលប្រទេសជាតិវិលត្រឡប់មកកាន់ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩៕