កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាឈានទៅបញ្ចប់ការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅខែមីនា​ខាងមុខ​នេះ

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីការប្រជុំការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួមបានបញ្ចប់ជុំទី១ និងជុំទី២ទទួលបានលទ្ធផលជាវិជ្ជមាននាពេលកន្លងមក ភាគីទំាងពីរបានបន្តប្តេជ្ញារួមគ្នាឈានទៅបញ្ជប់់កិច្ចប្រជុំចរចា ជុំទី៣និងបញ្ចប់ជាផ្លូវការនៅខែមីនាខាងមុខធ្វើឡើងនៅភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោកថ្មីៗនេះលោក ប៉ាន សូរស័ក្ដិ រដ្ឋ​មន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីពិនិត្យលើវឌ្ឍនភាព នៃ​ការ​ចរ​​ចា​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងជំរុញ កិច្ចការ ដែលនៅសេស​សល់​ផ្សេងទៀត។

នៅក្នុងជំនួបនោះលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងពីលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំចរចាជុំទី១នៅ UAE ក្នុង​ខែ​​តុលា ឆ្នាំ២០២២ និងការវិវឌ្ឍទៅមុខនៃការចរចាបើកច្រកទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី២ក្នុងខែធ្នូ ឆ្នាំ២០២២ នៅ​ប្រទេសកម្ពុជា។ភាគីទាំងពីរបានខិតខំបំពេញតាមសំណើសុំ និងការផ្តល់ឱ្យ រវាងគ្នាទៅវិញទៅមក ដើម្បី​បង្កើត​កិច្ច​​ព្រម​ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណៈជន។

លោកប៉ាន សូរស័ក្តិ បញ្ជាក់ថា« ភាគីទាំងពីរបានព្រមព្រៀងជាគោលការណ៍បញ្ចប់ការចរចានៅជុំទី៣ក្នុងប្រទេសអារ៉ាប់​រួមនៅខែកុម្ភៈ ឆ្នាំ២០២៣ និងគម្រោងបញ្ចប់ជាផ្លូវការនៅខែមីនានៅភ្នំពេញ ដែលក្នុងពេលជាមួយគ្នានោះដែររដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា»។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង​កម្ពុជា-អេមីរ៉ាត​អារ៉ាប់រួម(CAM-UAE CEPA) នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រក់ទីផ្សារកាន់​តែទូ​លាយ សម្រាប់ទំនិញ និងសេវាកម្ម ការបង្កើនលំហូរនៃការ វិនិយោគ ការបង្កើតការងារ និងការពង្រីកកិច្ច​សហ​ប្រតិ​បត្តិ​ការ​​កាន់​តែស៊ីជម្រៅលើវិស័យផ្សេងទៀត ព្រមទាំងផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរ»៕

អត្ថបទ៖ សារេត