សិប្បកម្ម តារា ហ្វូត ជាសិប្បកម្មផលិតប្រេងធម្មជាតិ មានដូចជា ប្រេងដូង ប្រេងសណ្ដែកផ្កាយ ប្រេងល្ងខ្មៅ និងប្រេងសណ្ដែកដី បានសំណូមពរដល់ប្រជាជនខ្មែរ ងាកមកប្រើប្រាស់ប្រេងធម្មជាតិ ជាផលិតផលក្នុងស្រុក ដែលមានគុណភាពល្អ និងមានសុវត្ថិភាព ដើម្បីរក្សាសុខភាពរបស់ខ្លួន ហើយថែមទាំងបានជួយគាំទ្រផលិតផលក្នុងស្រុកឱ្យមានភាពរីកចម្រើន។
ម្ចាស់សិប្បកម្ម តារា ហ្វូត លោក ម៉ៅ ចាន់ តារា វ័យ៥២ឆ្នាំ បានឱ្យដឹងថា គោលបំណងនៃការបង្កើត សិប្បកម្មនេះឡើង គឺលោកចង់ឱ្យប្រជាកសិករខ្មែរមានទីផ្សារក្នុងការលក់ដំណាំផ្សេងៗដូចជា សណ្ដែកផ្កាយ ល្ងខ្មៅ ដូង សណ្ដែកដី ខ្ញី ស្លឹកគ្រៃ និងម្រុំជាដើម។ មួយវិញទៀតលោកបានមើលឃើញថា ការផលិតប្រេងធម្មជាតិនៅកម្ពុជា គឺនៅមានកម្រឹតនៅឡើយ ហើយអាជីវករជាច្រើនបាននាំចូលប្រេងធម្មជាតិ មកពីក្រៅប្រទេសជាច្រើន។ ហេតុដូច្នេះទើបលោកសម្រេចចិត្តស្វែងរកអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញដែលមានបទពិសោធន៍ ដើម្បីបង្កើតជាសិប្បកម្មក្នុងការផលិត ប្រេងធម្មជាតិពិតៗរបស់ខ្មែរ ដែលមានគុណភាពខ្ពស់ និងមានសុវត្ថិភាព។
លោកបានបន្តថា ការលក់ប្រេងធម្មជាតិនៅលើទីផ្សារកម្ពុជា នៅពុំទាន់មានភាពទូលំទូលាយប៉ុន្មានទេ ព្រោះប្រជាជនមួយចំនួនដែលចង់ជាវប្រេងធម្មជាតិរបស់ខ្មែរ ពួកគាត់មិនដឹងថាទៅទិញនៅទីណា ហើយប្រជាជនមួយចំនួនទៀត រអ៊ូពីតម្លៃដែលលក់ថ្លៃជាងប្រេងដែលនាំចូលពីក្រៅប្រទេស។ លោកបានបញ្ជាក់ដែរថា ទោះបីជាប្រេងធម្មជាតិរបស់ខ្មែរមានតម្លៃថ្លៃជាងប្រេងនាំចូលក៏ពិតមែន តែលោកធានាគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។
សិប្បកម្ម តារា ហ្វូត ក្រៅពីប្រេងសណ្ដែកផ្កាយ ប្រេងដូង ប្រេងល្ងខ្មៅ និងប្រេងសណ្ដែកដី នៅមានផលិតផលធម្មជាតិផ្សេងៗទៀតដូចជា តែសណ្ដែកផ្កាយ តែស្លឹកគ្រៃ តែខ្ញី នឹងតែម្រុំ ដែលសុទ្ធតែជាផលិតផល ដែលផលិតពីដំណាំកសិកម្មរបស់ប្រជាកសិករខ្មែរ។
លោក ម៉ៅ ចាន់ តារា បានយល់ឃើញថា ចំពោះសិប្បកម្មផលិតប្រេងធម្មជាតិនាពេលអនាគត បើប្រជាជនយើងកាន់តែគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ខាងសិប្បកម្មផលិតប្រេងធម្មជាតិនៅប្រទេសកម្ពុជានឹងមានភាពរីកចម្រើន ហើយនឹងឈានទៅរកការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេស ដើម្បីឱ្យបរទេសកាន់តែស្គាល់ពីគុណភាពផលិតផល នៅក្នុងប្រទេសកម្ពុជា៕