ការនាំចេញឈើវៀតណាម រំពឹងបំបែកកំណត់ត្រានាឆ្នាំនេះ រហូតដល់ ១៨ ពាន់លានដុល្លារ

អន្តរជាតិ

ការនាំចេញឈើ និងផលិតផល​ធ្វើ​ពីឈើ​របស់​វៀតណាម មាន​ការរំពឹងថា​អាច​បំបែកកំណត់ត្រា​ថ្មី​ក្នុងឆ្នាំ ២០២៣ រហូតដល់ ១៨ ពាន់​លាន​ដុល្លារ​ឯណោះ។ នេះ​បើតាម​ការ​ចុះផ្សាយពី Vnexpress។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ប្រធានសមាគមឈើ និងផលិតផលព្រៃឈើវៀតណាម ហៅកាត់ Viforest លោក Do Xuan Lap ក៏បាន​បង្ហើបដែរថា ទិន្នន័យខាងលើ​នឹង​បង្ហាញ​ឲ្យឃើញ​ថា ការនាំចេញ​ផលិតផល​ឈើ​របស់​វៀតណាម នឹងកើនឡើង​ចន្លោះពី ៧-៩% ផងដែរ។

យ៉ាងណា កាលពីត្រីមាសចុងក្រោយ ២០២២ ការនាំចេញឈើ​របស់វៀតណាម មាន​ការ​ធ្លាក់ចុះ ហើយក៏​អាច​នឹង​បន្ត​ផ្ដល់​សញ្ញា​អវិជ្ជមាន​រហូតដល់​ត្រីមាសទី ១ នៃឆ្នាំ ២០២៣ ផងដែរ ប៉ុន្តែ​អ្នកជំនួញ​ជាច្រើន​បាន​អះអាង​ថា ស្ថានការណ៍​នឹង​ប្រសើរ​ឡើងវិញ ចាប់ពី​ត្រីមាសទី ២ ឆ្នាំនេះ​តទៅ។

សូមជម្រាបដែរថា លោក Nguyen Thanh Phong ប្រធាន​សាខា​ផលិតផល​បន្ទះឈើ​នៃ​សមាគម Viforest បាន​អះអាងថា វៀតណាម​បាន​កើបលុយច្រើនជាង ៧០០ លានដុល្លារ ក្នុងការ​នាំចេញ​បន្ទះឈើ ៤,៧ លានតោន​កាលពីឆ្នាំទៅ កើនឡើង ៣៥% នៃចំនួន​ផលិតផល និង ៨៥% ​សម្រាប់តម្លៃ​ បើធៀប​នឹង​ឆ្នាំមុនៗ។

បច្ចុប្បន្ន វៀតណាម​គឺជា​ប្រទេសនាំចេញ​បន្ទះឈើ​ធំ​បំផុត​លើលោក​ទី ២ ហើយ​ពួកគេ​ក៏​រំពឹងដែរថា ទំហំ​នាំចេញ​ផលិតផល​មួយនេះ​អាច​កើនលើស ១ ពាន់លាន​ដុល្លារ​សម្រាប់ឆ្នាំ ២០២៣៕