ឧកញ៉ា២រូប យល់ថាការវិនិយោគលើដីកសិកម្ម នឹងផ្តល់ឱកាសចំណេញខ្ពស់ នៅឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាពីររូប យល់ថាការវិនិយោគលើដីកសិកម្ម នឹងផ្តល់លើកឡើងពីឱកាសចំណេញខ្ពស់ នៅឆ្នាំ២០២៣​នេះ ​​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា នឹងងើបឡើង​វិញកាន់តែប្រសើរឡើង ​ហើយ​ដី​កសិកម្ម នៅ​មាន​តម្លៃ​ធូរ​ថ្លៃ​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group ​​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២៣ ថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៣ ឱកាស​ចំណេញ​នៅតែមាន ជាពិសេសឱកាសក្នុង​ការវិនិយោគលើប្រភេទអចលនទ្រព្យ ចាំបាច់សម្រាប់ការអភិវឌ្ឍ ដូចជា លំនៅឋាន អចលនទ្រព្យឧស្សាហកម្ម និងការវិនិយោគលើដីធ្លីកសិកម្មជាដើម។

លោកឧកញ៉ា បាន​​បន្ត​ថា ការវិនិយោគលើវិស័យកសិកម្ម ក៏ជាឱកាសល្អ ក្នុង​ការ​ហុចផលចំណេញខ្ពស់​ ដោយសារ​អត្រាតម្លៃដីធ្លីដ៏សមរម្យ ​នៅ​ធូរ​ថ្លៃ​នៅ​ឡើយ​ និងការអភិវឌ្ឍជាតំបន់ដាំដុះដំណាំផ្សេងៗ។ ជាពិសេស ដីធ្លីកសិកម្ម ក៏ជាប្រភេទអចលនទ្រព្យដែលនឹងមានតម្រូវការខ្ពស់ខ្លាំង នៅក្រោយពេលស្ថានភាពទីផ្សារងើបឡើងវិញ។

យ៉ាងណាមិញ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ ក៏យល់​ឃើញ​ថា ការ​វិនិយោគ​លើ​ដី​កសិកម្ម​ជា​ឱកាស​ល្អ​ និង​អាច​​​​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ផង​ដែរ។ លោក​ឧកញ៉ា ​​បាន​លើក​ឡើង​ថា យោងតាមការសិក្សា បានរកឃើញថា ការិវនិយោគលើដីធ្លីប្រភេទកសិកម្ម ជាជម្រើស​វិនិយោគមួយ ដែលផ្តល់ផលចំណេញខ្ពស់ តាមរយៈការទិញបានក្នុងអត្រាតម្លៃដីធ្លីសមរម្យបំផុត ហើយការ​អភិវឌ្ឍនៅលើដីធ្លីប្រភេទនោះ នឹងហុចមកវិញនូវផលចំណេញខ្ពស់ ក្នុងរយៈពេលកំណត់​មួយ​នៃ​ការវិនិយោគ។

សូម​ជម្រាប​ជូន​ថា ដី​កសិកម្ម​ ​​ត្រូវ​បាន​រាជរដ្ឋាភិបាល​​កម្ពុជា​ចាត់​ទុក​ជាផ្នែក​មួយ​ដ៏​សំខាន់ ​ខណៈ​ដែល​វិស័យ​នេះ​ត្រូវ​បាន​កំណត់​​នៅ​ក្នុង​ជ្រុង​មួយ​​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​។ ជាមួយ​គ្នា​នេះ ​​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ​​បាន​​​ប្រកាស​​​ជា​ចំហរ​ថា ​​​​កម្ពុជា​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម​នោះ​ទេ។ សម្តេច​ ធ្លាប់​បាន​បញ្ជាក់​ថា ដរាប​ណា​សម្តេច​នៅជា​នាយករដ្ឋមន្ត្រី ​​នោះ​ពន្ធ​លើ​ដី​ស្រែ​ចំការ ត្រូវ​បាន​លើកលែង ​​ហើយ​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ គ្មាន​ការ​យក​ពន្ធ​លើ​ដី​កសិកម្ម​នោះ​ទេ។ កត្តា​ទាំង​នេះ ជា​ការ​​លើក​ទឹក​ចិត្ត​ និង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន ​​ហើយ​ក៏​ជា​ឱកាស​ល្អ​​សម្រាប់​អ្នក​វិនិយោគ​លើ​ដី​កសិកម្ម​ផង​ដែរ៕​​​​​​​​