អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៨ ខែមករាឆ្នំា២០២៣ បានចេញលិតឆ្លើយតបទៅខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានដាក់សំណើសុំជួយជំរុញ និងពន្លឿនបន្ថែមទៅលើសាច់ជ្រូកបង្កក ដែលកំពុងមានចរាចរលើទីផ្សារ និងទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កកពីបរទេសចូលមកក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ការនាំចូលដោយខុសច្បាប់សាច់ជ្រូកបង្កក មិនត្រឹមតែអាចបង្កហានិភ័យដល់សុខភាពអ្នកបរិភោគសាច់ជ្រូក និងប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបាត់បង់ចំណូលពន្ធនិងអាករចូលថវិកាជាតិទៀតផង។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើកឡើងបន្តថា កន្លងមកក្នុងន័យពង្រឹងអនុលោមភាពនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិជាធរមាន ក៏ដូចជាចូលរួមគាំទដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក(អគរ) បានចាត់វិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការនាំចូលដោយខុសច្បាប់នូវសត្វរស់ និងផលិតផលពីសត្វគ្រប់ប្រភេទ ក្នុងនោះរួមមានជ្រូករស់ និងផលិតផលពីសត្វជ្រូក រួមទាំងសាច់ជ្រូកបង្កកផងដែរ។
ទោះយ៉ាងនេះក្តីក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិនានាជាធរមានអត សូមគាំទ្រនិងលើកទឹកចិត្តដល់ការរាយការណ៍ព័ត៌មាននានាពាក់ព័ន្ធនឹងកម្មភាពនាំចូលសត្វរស់ និងផលិតផលពីសាច់សត្វគ្រប់ប្រភេទ រួមទាំងជ្រូករស់ និងសាច់ជ្រូកបង្កកដោយខុសច្បាប់ ដល់អង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុត ដើម្បីឱ្យរដ្ឋបាលគយចាត់វិធានការបានទាន់ពេលវេលា។
ដោយឡែកចំពោះករណីសំណើឱ្យទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កកពីបរទេសចូលមកកម្ពុជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានប្រាប់ទៅសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថាសាច់ជ្រូកបង្កកមិនមែនជាទំនិញហាមឃាត់ ប៉ុន្តែជាទំនិញជាប់កម្រិតកំណត់ដែលតម្រូវឱ្យអ្នកនាំចូលភ្ជាប់មកជាមួយនូវឯកសារវិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យពីអាជ្ញាធរនៃប្រទេសនាំចេញ។ បន្ថែមលើនេះ ផ្អែកតាមកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការដាក់របាំងមិនឱ្យនាំចូលផលិតផលពីប្រទេសសមាជិក WTO អាចបង្កឱ្យមានការប្តឹងផ្តល់ពីប្រទេសនាំចេញ ក៏ដូចជាការអនុវត្តវិធានការបដិការដល់ទំនិញនាំចេញណាមួយរបស់កម្ពុជាទៅកាន់ប្រទេសទាំងនោះវិញជាយថាហេតុ។
ម្យ៉ាងទៀត ការរឹតត្បិតការនាំចូលសាច់ជ្រូកក៏អាចបង្កឱ្យមានបច្ច័យអវិជ្ជមានដល់តម្លៃសាច់ជ្រូកដែលជាអាហារូបត្ថម្ភសំខាន់របស់ប្រជាជនកម្ពុជា ដូចដែលប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលធ្លាប់មានប្រសាសន៍ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាពេលកន្លងមក៕ អត្ថបទ៖សារេត