កៀកចូលឆ្នាំចិន ប្រជាពលរដ្ឋសម្រុកទៅទិញផ្កា មានសន្ទុះលើសថ្ងៃធម្មតាទ្វេដង

សង្គម​ និង​សេដ្ឋកិច្ច

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នឹងខិតចូលមកដល់ហើយ ពោលគឺនៅតែមួយថ្ងៃទៀតតែប៉ុណ្ណោះ។ ក្នុងឱកាសបុណ្យចូលឆ្នាំនេះដែរ គេសង្កេតឃើញថា ប្រជាជនមានការទិញទំនិញជាច្រើន ដើម្បីដំណើរការ​ដល់ពិធីបុណ្យនេះ ដូចជា គ្រឿងទេសប្រើប្រាស់ផ្សេងៗ ជ្រូកកណ្ដុរខ្វៃ ជាពិសេសការទិញផ្កាសម្រាប់តាំងលម្អ មានសន្ទុះលើសថ្ងៃធម្មតាដល់ទៅទ្វេដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង ម៉ាប់ អ្នកលក់ផ្កានៅក្នុងហាងផ្ទះវល្លិ បានថ្លែងប្រាប់ឧកញ៉ាញូស៍ថា បច្ចុប្បន្ន ចំនួនអ្នកលក់ផ្កា​មាន​ច្រើន ហើយអតិថិជនក៏មានច្រើន រីឯតម្លៃវិញក៏មានការប្រកួតប្រជែងខ្លាំង ជាពិសេសនៅក្នុងឱកាសចូលឆ្នាំចិន​នេះ​តែម្ដង។

បុគ្គលិកផ្នែកលក់រូបនេះ បានបន្តថា អត្រានៃការលក់ដាច់ផ្កាស្បៃរឿង ផ្កាអង្គាសិល្ប៍ ដើមក្រូចក្នុងឆ្នាំ២០២៣នេះ មានការលក់ដាច់យ៉ាងសន្ធឹកទៅតាមតម្រូវការរបស់អតិថិជន សម្រាប់យកទៅតាំងលម្អគេហដ្ឋាន​ទទួលទេវតា​ឆ្នាំថ្មីនៃគ្រួសារនីមួយៗ។

ជាមួយគ្នានេះលោកបានលើកឡើងទៀតថា កំណើនអតិថិជន ដែលបានមានការសម្រុកទិញលើសមុនទ្វេដង ដែលក្នុងឱកាសចូលឆ្នាំចិនលក់បាន ១២ថូក្នុងមួយថ្ងៃ ខណៈដែលរាល់ថ្ងៃលក់បានតែ ៥ថូប៉ុណ្ណោះនៅក្នុង​មួយថ្ងៃ។

គួរបញ្ជាក់ផងដែរ មុនចូលឆ្នាំចិន-វៀតណាម មកដល់ក្នុងរយៈពេល១ថ្ងៃចុងក្រោយនេះឃើញថា ក្រៅពីកំណើន​នៃការលក់ផ្កាដាច់ជាងឆ្នាំមុនៗ សម្រាប់ជ្រូកកណ្ដុរក៏លក់ដាច់ខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ៕