អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា រឿងមួយក្នុងចំណោមរឿងរាប់មិនអស់ ដែលលោកស្រឡាញ់ប្រទេសកម្ពុជា គឺរៀងរាល់ឆ្នាំ យើងបានប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីជាច្រើនដង ក្នុងនោះមាន ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល បន្ទាប់មកពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅខែមេសា ដែលនេះបង្ហាញថា ប្រទេសកម្ពុជា ជាប្រទេសគោរពវប្បធម៌ចម្រុះ និងបង្ហាញពីការរួបរួមសាមគ្គីគ្នា។
អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារនិងរូបភាពលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងឱកាសអបអររីករាយថ្ងៃបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣ ឆ្នាំថោះ នៅថ្ងៃនេះ ជាមួយនឹងក្រុមគ្រួសារយ៉ាងកក់ក្តៅ សប្បាយរីករាយ។ ជាមួយគ្នានេះ អ្នកឧកញ៉ា បានបន្ថែមថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ មានន័យថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលសម្បូរទៅដោយជនជាតិជាច្រើន ហើយយើងគោរពវប្បធម៌ចម្រុះ និងភាពចម្រុះជាតិសាសន៍។
ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញរូបនេះ បានបន្ថែមថា ដូចពាក្យដែលមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកតែងតែនិយាយថាតៗគ្នាថា ប្រទេសកម្ពុជា គឺជាប្រទេសដែលផ្តល់ការស្វាគមន៍ និងភាពកក់ក្តៅបំផុតនៅក្នុងពិភពលោក។ យើងគឺជាជាតិសាសន៍ដែលផ្តល់ការស្វាគមន៍ និងផ្តល់ភាពកក់ក្តៅបំផុតនៅក្នុងពិភពលោកពិតមែន។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះ អ្នកឧកញ៉ា គិត ម៉េង ក៏សូមជូនពរបងប្អូនដែលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ជួបតែសេចក្តីសុខគ្រប់ប្រការ នៅក្នុងឆ្នាំថោះនេះ និងសូមឱ្យពុកម៉ែ បងប្អូនមានសេចក្តីសុខ សេចក្តីចម្រើនពេញមួយឆ្នាំ៕