ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់រោងម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវ ត្រូវជួយទិញប្រមូលស្រូវពីប្រជាកសិករយកមកស្តុកទុកឱ្យអស់លទ្ធភាពដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់ពួកគាត់ និងជួយធានានូវបរិមាណស្តុកស្រូវ ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់រយ:ពេលវែង។ ការលើកឡើងរបស់ឯកឧត្ដម រដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញមកពិនិត្យខ្សែច្រវាក់ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរ ពិសោធន៍) ក្នុងរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយរួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា រោងម៉ាស៊ីនកិនស្រូវ នឹងបន្តចូលរួម សហការឱ្យបានល្អដើម្បីជួយជំរុញការនាំចេញមាសសឱ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក ជាពិសេសចូលរួមសហការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ហាមនាំចេញ អង្ករស បានពេញលេញ។
លោក ថៃ វីឡុង អ្នកគ្រប់គ្រងទូទៅរោងម៉ាស៊ីនកិនស្រូវនៅខេត្ដតាកែវបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូលទិញស្រូវគ្រប់ប្រភេទបានចំនួន ៩៦, ៣៨៦តោន និងឆ្នាំ២០២០ នេះបាន ៦៥, ៣៧៥ តោន។ ដោយឡែក ក្នុងឆ្នាំ២០១៩ នាំចេញបាន ៤០,១៧៥តោន និង ៣ខែដើមឆ្នាំ២០២០ នាំចេញបាន ២៤, ៤២៨តោន ភាគច្រើនទៅកាន់ប្រទេសចិន។ លោក បានបន្ដថា បច្ចុប្បន្ន មានឡសម្ងួតចំនួន ៣ អាចសម្ងួតស្រូវបាន ៥៥០តោនក្នុង ១ថ្ងៃ និងមានស្រូវស្តុកទុកចំនួន ៧ពាន់តោន រង់ចាំកិន និងនាំចេញតាមការបញ្ជាទិញ ពីខាងក្រៅ។ ទន្ទឹមនេះ ក្រុមហ៊ុនក៏នៅមានជួបបញ្ហាប្រឈមនឹងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទងទៅនឹងតម្លៃភ្លើង និងការដឹកជញ្ជូន ដែលនៅមានតម្លៃខ្ពស់នៅឡើយ ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងមក មានស្រូវចំនួនជាង ១០,៨៨ លានតោន ក្នុងនេះសម្រាប់ស្រូវវស្សាទទួលបានបរិមាណផលសរុបចំនួន ៨, ២៦៩, ៣៣៣តោន និងស្រូវ ប្រាំង ២, ៦១៦, ២៤១តោន។ ដោយឡែក ខេត្តតាកែវ បរិមាណស្រូវសរុបទាំងវស្សា និងប្រាំងចំនួន ១, ២០៨, ៦៤០តោន ហើយមកទល់ពេលនេះគឺនៅសល់ផ្ទៃដីស្រែប្រាំងចំនួន ៤ពាន់ហិកតាទៀតមិនទាន់បានប្រមូលផល គិតជាបរិមាណស្រូវប្រមាណ ១៦ពាន់តោនទៀត៕ AKP