នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ថ្ងៃនេះដែរ ឧកញ៉ា ញូស៍ សូមណែនាំឱ្យស្គាល់ពី «សាកលវិទ្យាធិការ» នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ដែលមានលោកបណ្ឌិតបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុនមួយរូប កំពុងដឹកនាំ។
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) បច្ចុប្បន្នគឺ លោកបណ្ឌិត មាស បូរ៉ា។ បណ្ឌិត មាស បូរ៉ា កើតនៅឆ្នាំ១៩៧៣ នៅខេត្តព្រៃវែង ហើយលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកច្បាប់ ពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលឆ្នាំ១៩៩៨។ បន្ទាប់មក លោកបានបន្តសិក្សានៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន អស់រយៈពេល ៦ឆ្នាំ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ជំនាញច្បាប់អន្តរជាតិ (សិទ្ធិមនុស្ស)។
ក្រោយត្រឡប់មកកាន់កម្ពុជាវិញ លោកបណ្ឌិត មាស បូរ៉ា បានចូលបង្រៀននៅសាកលវិទ្យាល័យមួយចំនួន ហើយលោកក៏បានក្លាយជាសាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា តាំងពីឆ្នាំ ២០០៦។ ក្រោយមក លោកទទួលបានការតែងតាំងជា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ CUS ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។
ក្រៅពីការងារជាគ្រូបង្រៀន និងថ្នាក់ដឹកនាំនៅសាកលវិទ្យាល័យ CUS បណ្ឌិត មាស បូរ៉ា ក៏មានអាជីពជាមេធាវី ផងដែរ។ ជាក់ស្តែង កាលខែមិថុនា ឆ្នាំ២០២២ លោក ត្រូវបានតែងតាំងជាប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់អន្តរជាតិ នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ត្រូវបានបង្កើតឡើងដំបូង កាលឆ្នាំ២០០២ ដែលកាលនោះមានឈ្មោះថា វិទ្យាស្ថានឯកទេសនៃកម្ពុជា (CIS)។ លុះដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៤ ទើបក្លាយជាសាកលវិទ្យាល័យឯកទេសកម្ពុជា (CUS) ជាផ្លូវការ។ បច្ចុប្បន្ន សាកលវិទ្យាល័យ CUS មាន ៨ទីតាំង ក្នុងនោះមាន ២ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ និង ៦ទីតាំងទៀត ស្ថិតនៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មាននិស្សិតកំពុងសិក្សាជិត ២ម៉ឺននាក់ ក្នុងឆ្នាំសិក្សា២០២១-២០២២។
សូមជម្រាបថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា មានលោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ហើយបច្ចុប្បន្នក៏មាន លោក ជៃ សំអាត ជាសាកលវិទ្យាធិការរងប្រចាំការ, លោក ឃី វណ្ណេត ជាសាកលវិទ្យាធិការរងប្រតិបត្តិ ព្រមទាំងមានសាកលវិទ្យាធិការរង ចំនួន ៣រូបទៀតគឺ លោកបណ្ឌិត ម៉ា ប៊ុនសែងឬទ្ធី លោកបណ្ឌិត សឿ យ៉ាន និងលោកបណ្ឌិត កែវ ជា៕