មន្ត្រីជំនាញ មានសុទិដ្ឋិនិយម​ថាវិនិ​យោគិន​បរទេស ​​នឹង​មក​​ប​ណ្តា​ក់ទុន​ផលិត​និង​កែច្នៃស្វាយ​ចន្ទី​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីជំនាញជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមើលឃើញថាការរៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នំា២០២២-២០២៧មានភាពល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ផលិតកម្ម ការដាំដុះឱ្យមានការកើនឡើង ខណៈពេលដែលកន្លងមក កម្ពុជាបាន​ធ្វើការ​កែច្នៃ​នៅក្នុងស្រុកបានតែ៥% ហើយនៅពេលគោលនយោបាយខាងលើដាក់ចេញទៅរំពឹងថានឹងទទួលបានវិនិយោគិន​បរទេសចាប់អារម្មណ៍និងចូលមកបណ្តាក់ទុនធ្វើការផលិតនិងធ្វើការកែច្នៃស្វាយចន្ទីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ «យើងសង្ឃឹម​ថានៅពេល​​គោល​នយោបាយ​ជាតិស្តីពី​ស្វាយ​ចន្ទីឆ្នំា២០២២-២០២៧អនុវត្តន៍ទៅប្រជាពលរដ្ឋនឹងទទួលបាននូវតម្លៃបន្ថែម សេដ្ឋកិច្ចរីកចម្រើន ហើយរដ្ឋយក​ចិត្ត​​ទុក​ដាក់​បន្ថែមទៅលើបញ្ហាបច្ចេកទេស ដើម្បីឱ្យការដំាដុះកាត់បន្ថយបានហានិភ័យ ហើយទទួលបានទិន្នផល​កើន​ឡើង​»។

លោកបន្តថា ស្វាយចន្ទីនៅកម្ពុជាវាមានបរិមាណច្រើនដែលផលិតបាននៅក្នុងមួយឆ្នាំៗ។ដូចនេះបរិមាន​ផលិតកម្មស្វាយ​ចន្ទី​​ជាប់​​លេខ១នៅទូទាំងពិភពលោក ហើយអ្នកវិនិយោគបរទេសទើបតែបានដឹង៣ឬ៤ឆ្នំាកន្លងមកនេះ អីចឹងបរិទេស​គេចាប់​ផ្តើមភ្ញាក់ផ្អើល​ហើយគេចាប់ផ្តើមសម្លឹងមករកការវិនិយោគនៅស្រុកយើង។

លោក វ៉ា រុតសាន មានប្រសាសន៍ថាបើតាមខ្ញុំដឹងវិនិយោគិនជនជាតិជប៉ុនបានចូលមកហើយ និងអ្នកវិនិយោគនៅ​តាម​បណ្តា​​​​​ប្រទេសផ្សេងដូចជាកូរ៉េ តៃវ៉ាន់ក៏គេកំពុងតែសម្លឹងមកស្រុកខ្មែរដែរ ពិសេស​ការគា​ប​សំបកស្វាយចន្ធីយកប្រេង​​ដើម្បី​ធ្វើការនាំចេញហើយប្រទេសឧស្សាហកម្មគេត្រូវការប្រេងនេះខ្លំាងណាស់។ដូចនេះអ្វីតាមខ្ញុំដឹងគឺជប៉ុនមកហើយ ហើយកូរ៉េមកដែរគេចង់បង្កើតជារោងចក្រគាបសំបកស្វាយចន្ទីយកប្រេងនេះ ក្រៅពីសាច់ស្វាយចន្ធី។ក្រៅពីនេះ​ក៏នៅ​​មានប្រទេសខ្លះគេចូលមកធ្វើការសិក្សាអំពីផ្លែពណ៌លឿងឬក្រហមរបស់ស្វាយចន្ទីគេចង់កែច្នៃធ្វើជាស្រាផងដែរ។

លោកសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំមានសុទិដ្ឋិនិយមថានៅពេលគោលនយោបាយយើងចេញទៅ បរិទេសគេដឹងពីបរិមាណ​ស្វាយចន្ទីរបស់យើងច្រើនអីចឹងគេនឹងចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាហើយ។ម្យ៉ាងទៀតក្រសួងពាណិជ្ជកម្ម​​ក៏បាន​បង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាកាលថ្មីៗនេះផងដែរ អីចឹងអ្វីៗវានិងដើរទៅមុខ»។

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បាន​បង្ហាញថាដំណាំស្វាយចន្ទី គឺជាដំណាំកសិ​ឧស្សា​ហ​កម្មដ៏​មាន​សក្តានុពល និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាន​និង​​កំពុង​ផ្តោតការ​យកចិត្តទុកដាក់លើការបង្កើនផលិតភាពនិងការប្រកួតប្រជែង​តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុង​សកម្ម​ភាព​ដែលមានតម្លៃខ្ពស់។

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានខេត្តចំនួន១០ ដែលមានផ្ទៃដីដាំដុះស្វាយចន្ទី ដែលរួមមាន កំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យត្បូងឃ្មុំ មណ្ឌលគិរី និងសៀមរាប។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ផ្ទៃដីដាំដុះ​ស្វាយចន្ទីកម្ពុជាមានការកើនឡើងពី ៩៤ ៣០៨ហិកតា ដល់ ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផលបានកើនពី៧៨ ៥៨៤​​ហិកតា ដល់ ២៧៥ ៦៧៩ហិកតា ដោយទទួលបានទិន្នផលសរុបកើនពី ៩៣ ៩៤៤តោន ដល់ ៤៧២ ៦៣៦​តោន។

ជាមួយគ្នានេះ ស្វាយចន្ទីកម្ពុជាក៏កំពុងមានកេរ្តិ៍ឈ្មោះល្បី និងត្រូវបានទទួលស្គាល់ពីទីផ្សារ លើទំហំគ្រាប់ រសជាតិ កម្រិត​កាកសំណល់កសិកម្មទាប និងសរីរាង្គតាមបែបប្រពៃណី ដោយក្នុងនោះផលិតផលស្វាយចន្ទីរបស់កម្ពុជាអាច​ទាញ​យក​ចំណែកទីផ្សារពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ចិន ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់​រួម​​និង​ជប៉ុន៕

អត្ថបទ៖សារេត