អនាគតនាយករដ្ឋមន្ត្រីនូវែលសេឡង់ថ្មី ប្រកាសដាក់ចេញគោលនយោបាយសំខាន់ៗមួយចំនួន

អន្តរជាតិ

កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ គណបក្សពលករ ដែលកំពុងកាន់អំណាច បានធ្វើការបញ្ជាក់ថា លោក Chris Hipkins នឹងក្លាយជាមេដឹកនាំថ្មីរបស់គណបក្ស ហើយក៏នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៤១ របស់ប្រទេសនូវែលសេឡង់ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:កិច្ចប្រជុំសមាជិកបក្សកន្លងទៅនេះ លោក Hipkins ដែលជារដ្ឋមន្ត្រីក្រសួងអប់រំ ជាប៉ូលីស ទទួលបន្ទុកលើសេវាសាធារណ: និងជាប្រធានសភាផងនោះ បានក្លាយជាបេក្ខភាពតែមួយរូបគត់ ដើម្បីចូលទៅជំនួសតំណែងរបស់លោកស្រី Jacinda Ardern ដែលបានប្រកកាសលាលែងចេញពីតំណេងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

ក្នុងនាមជាបេក្ខភាពតែម្នាក់គត់ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនេះ លោក Hipkins បានធ្វើការប្រកាសនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងមានការធ្វើកំណែទម្រង់ឡើងវិញ ជាមួយនឹងការកាត់ចោលគោលនយោបាយដែលមិនខាន់មួយចំនួនចេញ ដើម្បីងាកមកផ្តោតតែលើបញ្ហាប្រឈមធំៗជំនួសវិញ។

ជាងនេះទៅទៀត លោក Hipkins បានធ្វើការប្តេជ្ញាចិត្ត ចំពោះការផ្តោតទៅលើបញ្ហាក្នុងស្រុក ដោយបាននិយាយថា អតិផរណាខ្ពស់ តម្លៃលំនៅឋានខ្ពស់ រួមទាំងបញ្ហាច្បាប់ និងសណ្តាប់ធ្នាប់ និងក្លាយជាគោលនយោបាយដ៏សំខាន់ សម្រាប់រដ្ឋាភិបាលរបស់លោក ដែលត្រូវដោះស្រាយ ស្របពេលលោកបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង ទៅកាន់ចិន ក៏នឹងស្ថិតនៅក្នុងបញ្ជីអាទិភាពរបស់លោកផងដែរ នៅពេលឡើងកាន់តំណែងជាផ្លូវការ ។

ជាការពិតណាស់ ប្រទេសនូវែលសេឡង់ បានកត់សម្គាល់ឃើញថាអត្រាអតិផរណាប្រចាំឆ្នាំរបស់ខ្លួន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ៣ ទសវត្សរ៍កាលពីខែមុន នៅពេលដែលតម្លៃស្បៀងអាហារ បានកើនឡើងជាង ១១ % ។

សូមជម្រាបជូនផងដែរថា លោក Hipkins រំពឹងថានឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ នៅថ្ងៃពុធខាងមុខនេះ ខណ:ការរុះរើគណៈរដ្ឋមន្ត្រី ក៏នឹងត្រូវរៀបចំធ្វើឡើង នៅក្នុងសប្តាហ៍ខាងមុខនេះផងដែរ ៕