កូរ៉េខាងត្បូង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទេ្វភាគីលើវិស័យសំខាន់ៗបន្ថែម ជាមួយឥណ្ឌូនេស៊ី

អន្តរជាតិ

ថ្មីៗនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin-pyo អំឡុងដំណើរទស្សនកិច្ចរបស់គាត់ នៅទីក្រុងហ្សាកាតា ដើម្បីជជែកគ្នាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការទេ្វភាគីបន្ថែម ទៅលើវិស័យផ្សេងៗ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះផងដែរ លោក Kim បានលើកសរសើរយ៉ាងពេញទំហឹងទៅលើការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ហើយបានធ្វើការអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀត ក្រោមភាពជាដៃគូយុទ្ធសាស្រ្តពិសេស ។

គួរឱ្យដឹងថាប្រទេសទាំងពីរ បានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តពិសេស ក្នុងឆ្នាំ ២០១៧ អំឡុងពេលការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ។

លើសពីនេះ លោក Kim បានសង្កត់ធ្ងន់ទៀតថា ប្រទេសទាំងពីរ អាចធ្វើជាដៃគូដ៏ល្អបំផុត ក្នុងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទាប់ពីបានកត់សម្គាល់ឃើញ ឥណ្ឌូនេស៊ី មានធនធានរ៉ែសំខាន់ៗដូចជា នីកែលជាដើម ស្របពេលកូរ៉េខាងត្បូង ជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន ក្នុងការជីកយករ៉ែទាំងនេះ មកធ្វើការកែច្នៃបាន ។

បន្ថែមពីនេះ លោក Kim ក៏បានស្នើសុំឱ្យឥណ្ឌូនេស៊ី បន្តធ្វើការគាំទ្រចំពោះការវិនិយោគពីសំណាក់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅក្នុងប្រទេសនេះ ដោយនិយាយថា ការវិនិយោគលើរថយន្ត គីមីឥន្ធន: និងឧស្សាហកម្មផ្សេងទៀត ត្រូវបានរំពឹងថានឹងមានការកើនឡើងបន្ថែម នៅពេលដែលប្រទេសទាំងពីរបានអនុវត្តទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ដែលត្រូវបានអនុម័ត នៅឆ្នាំនេះ ។

ដោយឡែក សម្រាប់ លោក Widodo វិញ បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី ក៏បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ក្នុងវិស័យថ្មីៗបន្ថែមទៀត ដូចជាការថែទាំសុខភាព និងហិរញ្ញវត្ថុឌីជីថលជាដើម៕