មិនខ្វល់អាល្លឺម៉ង់យល់ព្រមឬអត់ ប៉ូឡូញចង់ជំនះបញ្ជូនរថក្រោះធន់ធ្ងន់ទៅកាន់អ៊ុយក្រែន

អន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki បាន​ប្រកាស​កាលពី​ថ្ងៃច័ន្ទ​ថា រដ្ឋាភិបាល​របស់លោក​កំពុង​សុំ​ការអនុញ្ញាត​បញ្ជូន​រថក្រោះ​ធន់ធ្ងន់ Leopard ទៅកាន់ប្រទេសអ៊ុយក្រែន ហើយបើទោះជា​ខាង​អាល្លឺម៉ង់​មិនយល់ព្រម​ក្ដី ក៏ប៉ូឡូញ​នឹង​ជំនះ​បញ្ជូន​វា​ឲ្យដល់ដៃ​ប្រទេសជិតខាង​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​អ៊ុយក្រែន​ត្រូវការ​រថក្រោះធន់ធ្ងន់​ដូចជា Leopard 2 Tank ដើម្បី​អាច​វាយ​សម្រុក​កងកម្លាំង​រុស្ស៊ី និង​ដណ្ដើមទឹកដី​របស់​ពួកគេ​មក​វិញ​នៅក្នុង​ឆ្នាំនេះ។

ភាគីដែលទទួល​រង​ការ​គាបសង្កត់​ខ្លាំង​ក្នុងរឿងនេះ​គឺ ​អាល្លឺម៉ង់ ដ្បិត​ពួកគេ​កំពុង​ទទួល​រង​គំនាប​ទាំងសងខាង​ពី​ខាងប៉ូឡូញផង និងលទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស EU ដើម្បីឲ្យ​អាល្លឺម៉ង់​ត្រូវតែ​អនុម័ត​លើ​ការ​នាំចេញ​រថក្រោះ Leopard។

“​បើទោះជាពួកយើង​មិនទទួល​បាន​ការ​អនុញ្ញាត ក៏ពួកយើង​នឹង​នៅ​តែ​បញ្ជូន​រថក្រោះ​ជាមួយ​ប្រទេសដទៃ ទៅកាន់អ៊ុយក្រែន ហើយវាគឺជាសញ្ញាណ​តូចមួយ​ នៃ​ការ​គាំទ្រ​ដល់​អ៊ុយក្រែន ពីប្រទេសជាច្រើន”។ នេះ​បើតាម​សម្ដី​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​បាន​និយាយ។

សូមជម្រាបដែរថា ខ្វះតែជាងមួយខែទៀតប៉ុណ្ណោះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន​គឺ​មាន​រយៈពេល ១ ឆ្នាំ ហើយថ្មីៗនេះក្រុមសម្ព័ន្ធមិត្តលោកខាងលិច​បាន​បើកកិច្ច​ប្រជុំស្ដីពី​កញ្ចប់ជំនួយ និង​សម្ភារៈសឹក​ ដែលត្រូវបញ្ជូនទៅកាន់អ៊ុយក្រែន ​សម្រាប់​គម្រប់ខួប​មួយឆ្នាំ​នៃសង្គ្រាម៕