ឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានផ្តល់ជាអនុសាសន៍ថា កុំស្តាប់ពាក្យអ្នកដទៃហួសហេតុពេក រហូតដល់គិតថាខ្លួនមិនអាចធ្វើបានតាមពាក្យគេ ហើយត្រូវចាំថា ជាទូទៅមនុស្សភាគច្រើនចង់ឱ្យយើងល្អ ប៉ុន្តែមិនចង់ឱ្យយើងល្អជាងពួកគេនោះទេ។
លោកឧកញ៉ា បាននិទានរឿងសត្វក្អែប ដើម្បីជាគតិសម្រាប់ការពិចារណាដូចខាងក្រោម៖
មានរឿងដំណាលថា មានគីង្គក់មួយបានសួរទៅ សត្វក្អែបថា « បង! ខ្ញុំឆ្ងល់បងមានជើងច្រើនអញ្ចឹង តើបងត្រូវពាក់ស្បែកជើងប៉ុន្មានគូ? ហើយថាតើបងត្រូវដើរជើងមួយណាមុនក្នុងខណៈជើងបងច្រើន ហើយថាតើការឈានជើងចេញដើរ តើពិបាកប៉ុណ្ណា? ប្រសិនបើខ្ញុំជាបងឯងវិញ ខ្ញុំពិបាកចិត្តស្លាប់ហើយ»។
សត្វក្អែបឮហើយសញ្ជឹងគិត រួចនិយាយថា «ខ្ញុំមិនដែលគិតមែន ពិបាកមែន ពិតជាពិបាកណាស់…ពេលគិតដល់សំណួររបង»។ រួចក្អែបចាប់ផ្តើមដើរដួល និងផ្អៀងទៅផ្អៀងមកពិបាកទប់ខ្លួន រួចចាប់ផ្តើមពិបាកចិត្ត។
តាមពិតទៅ ក្អែបអាចដើរ និងវាដោយមិនបញ្ហាតាំងពីដើមមក និងមិនដែលពាក់ស្បែកជើងទេ ។ ក្អែបគិតមួយសន្ទុះក៏អង្វរទៅសត្វគីង្គក់ថា «ខ្ញុំសុំអង្វរបងលើកក្រោយមេត្តាកុំសួរខ្ញុំទៀតបង មើលចុះខ្ញុំលែងចេះដើរទៅហើយ ខ្ញុំភ្លេចអស់រលីងហើយ»។
ឧកញ៉ា ហេង បូរិន បានបញ្ជាក់បន្ថែមថា តាមពិតទៅជីវិតយើងកំពុងធ្វើសព្វថ្ងៃនេះល្អគ្រប់គ្រាន់ហើយ ប៉ុន្តែដោយសារតែយើងស្តាប់ពាក្យអ្នកដទៃខ្លាំងពេកពីគំនិតអវិជ្ជមាន យូរៗទៅយើងលែងធ្វើអ្វីៗកើត ហើយក៏គិតថាខ្លួនមិនស័ក្តិសម មិនមានសមត្ថភាព គិតអ្វីលែងចេញ។ ជាយោបល់ បងប្អូនកុំស្តាប់ពាក្យអ្នកដទៃហួសហេតុពេក រហូតដល់គិតថាខ្លួនមិនអាចធ្វើបានតាមពាក្យគេ។ ត្រូវចាំថា មនុស្សជាទូទៅចង់ឱ្យយើងល្អ ប៉ុន្តែមិនចង់ឱ្យយើងល្អជាងគេនោះទេ។
សូមជម្រាបជូនថា ឧកញ៉ា ហេង បូរិន ជាសេដ្ឋីមួយរូបរបស់កម្ពុជា ដែលកំពុងប្រកបមុខជំនួញពហុវិស័យ។ លោកឧកញ៉ា ជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ផងដែរ។ សម្រាប់គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៥ហិកតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងប្រភេទ E2៕