លោកជំទាវឧកញ៉ា លី សុភារី កូនស្រីរបស់អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប បានស្ថិតក្នុងចំណោមឧកញ៉ាចំនួន ៤រូប ជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន លី ហួរ អ៊ិនសួរេន (Ly Hour Insurance Plc)។
ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ លី ហួរ គ្រុប ដែលដោយទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ និងមានដើមទុនចុះបញ្ជីសរុប ចំនួន ៩.៣១៧ លានដុល្លារអាមេរិក និងបានចាប់ផ្តើមបើកដំណើរការជាផ្លូវការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។ លី ហួរ អ៊ិនសួរេន ម.ក ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា លី ហួរ និងក្រុមគ្រួសារ។
ការបង្កើតក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក គឺមានរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់ ដោយរួមមានចាប់ពីក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ ទីប្រឹក្សានាយកប្រតិបត្តិ ប្រធានប្រតិបត្តិ និងនាយកដ្ឋានចំនួន ១១ទៀត។ ជាមួយគ្នានេះ សម្រាប់សមាសភាពក្រុមប្រឹក្សាភិបាល គឺមាន អ្នកឧកញ៉ា លី ហួរ ជាប្រធាន និងមានអនុប្រធានចំនួន ៤រូបគឺ ឧកញ៉ា ស៊ាង លីម, ឧកញ៉ា លី សុភ័ក្ត, ឧកញ៉ា លី សុភាព និងជំទាវឧកញ៉ា លី សុភារី។
សូមជម្រាបជូនថា ជំទាវឧកញ៉ា លី សុភារី កូនស្រីទី៣ របស់អ្នកឧកញ៉ា លី ហួរ ត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅឆ្នាំ២០១១។ លោកជំទាវបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលអប់រំផ្នែកទេសចរណ៍ និងសណ្ឋាគារ ប្រទេសសិង្ហបុរី ជាកន្លែងដែលលោកជំទាវ បានទទួលសញ្ញាបត្រជំនាញផ្នែកគ្រប់គ្រងសណ្ឋាគារក្នុងឆ្នាំ ២០១០។
លោកជំទាវឧកញ៉ា លី សុភារី ជាធុរជនវ័យក្មេង និងស្វាហាប់ម្នាក់ ដោយបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន តាំងពីអាយុ២៤ឆ្នាំ និងមានក្រុមហ៊ុនអាជីវកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មដែលលោកជំទាវ បានវិនិយោគក្រៅពីក្រុមហ៊ុន លី ហួរ គ្រុប រួមមាន អាជីវកម្មលក់គ្រឿងស្រវឹង និងភេសជ្ជៈ សេវាក្លឹបកំសាន្ត សាឡន ស្ប៉ា និងសេវាផ្នែកសម្ភស្សជាដើម៕