កាលពីពេលថ្មីៗនេះ Reuters បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចនៅប្រទេសសមាជិកទាំង ៦ នៃ Gulf Cooperation Council ហៅកាត់ GCC នឹងមានកំណើនយឺតនៅឆ្នាំនេះ ពោលគឺមានយឺតជាងពាក់កណ្ដាលឆ្នាំ ២០២២ ទៀត។
ប្រភពដដែលបន្ថែមថា មូលហេតុគឺបណ្ដាលមកពីចំណូលបានពីការលក់ប្រេង មានការធ្លាក់ចុះ ដោយសារសេដ្ឋកិច្ចពិភពលោកអាចនឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ស្របពេលតម្លៃប្រេងឆៅដែលជាប្រភពចំណូលធំរបស់ Gulf ក៏ធ្លាក់ចុះច្រើនជាង ១/៣ បើធៀបនឹងតម្លៃកាលពីឆ្នាំទៅ។
Reuters ក៏បានព្យាករណ៍ទៀតថា កំណើនសេដ្ឋកិច្ចនៃសមាជិកទាំង ៦ របស់ Gulf រួមមាន អារ៉ាប៊ីសាអូឌីត គុយវ៉ែត អេមីរ៉ាត់អារ៉ាប់រួម កាតា បារ៉ែន និងអូម៉ង់ អាចកើនចន្លោះពី ២,៨% ដល់ ៣,៣% ធ្លាក់ចុះពីការព្យាករណ៍មុនៗដែលមាន ៤,២% និង ៣,៣%។
ដោយឡែក សម្រាប់ប្រេងឆៅ Brent វិញ ត្រូវបានរំពឹងជាមធ្យមមានតម្លៃ ៨៩,៣៧ ដុល្លារ/បារ៉ែល ក្នុងឆ្នាំ ២០២៣ ទាបជាងកាលខែវិច្ឆិកាជិត ៤,៦% ដែលមានតម្លៃ ៩៣,៦៥ ដុល្លារ និងទាបជាងតម្លៃជាមធ្យម ៩៩ ដុល្លារ/បារ៉ែល កាលពីឆ្នាំទៅ៕