របរចិញ្ចឹមសត្វកណ្ដុរកំពុងមានការពេញនិយមគួរសមពីសំណាក់កសិករ ខណៈសត្វកណ្តុរលក់ទាំងរោម១គីឡូ ១៨០០០ តែបើបោចរោមស្អាត ១គីឡូ២៥០០០ ។ នេះបើតាមការឱ្យដឹងពីលោក មុយ រើន ជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្ដុរនៅខេត្តបាត់ដំបង។
លោក មុយ រើន ជាអតីតអ្នកធ្វើសំណង់នៅប្រទេសថៃ បានចាប់ផ្ដើមគំនិតក្នុងការចិញ្ចឹមកណ្ដុរនេះនៅក្នុងឆ្នាំ២០២០ ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនូវបញ្ហា Covid-19 ស្របពេលដែលម្ចាស់កសិដ្ឋានមួយចំនួនសឹងតែនឹងបិទទ្វា តែលោកបែរជាខិតខំសាងខ្លួនក្នុងកសិដ្ឋានតូចមួយដើម្បីឆ្ពោះទៅរកគោលដៅនៅក្នុងថ្ងៃអនាគត។
កសិករវ័យ ៣៥ឆ្នាំរូបនេះ បានផ្ដល់បទសម្ភាសន៍ជាមួយ ឧកញ៉ាញូស៍ថា «កំណើតដំបូងកសិដ្ឋានរបស់លោកគឺប្រើទុនក្រោម៥០០០ដុល្លារតែប៉ុណ្ណោះសម្រាប់ការចំណាយទៅលើការចាក់ដី ធ្វើអាងចិញ្ចឹម និងរបស់ប្រើប្រាស់មួយចំនួនទៀត ។ ក្នុងការចិញ្ចឹមនេះលោកបានចាប់ផ្ដើមរៀនសូត្របច្ចេកទេសចិញ្ចឹមពីតាមបណ្ដារកសិដ្ឋាននានានៅប្រទេសថៃនិងតាមប្រព័ន្ធ YouTube ជាដើម»។
លោកចំរើន បានបន្តថា ចំពោះមុខរបរនេះ ប្រជាកសិករក៏អាចចាប់ផ្ដើមសាងល្បងបានដែរ ដោយចំណាយដើមទុនតែ៥០ដុល្លារ ដើម្បីទិញពូជទៅបង្កាត់យកកូន រហូតឃើញផលចាំរៀបចំជាកសិដ្ឋានចិញ្ចឹមក៏បាន។
ក្នុងរបរចិញ្ចឹមកណ្ដុរនេះ ចាប់ផ្ដើមពីការស្រឡាញ់ ចូលចិត្ត ពេញចិត្ត និងចង់ឱ្យកម្ពុជាកាន់តែមានភាពសម្បូរបែបក្នុងវិស័យកសិកម្ម។ លោកលើកឡើងថា ការចិញ្ចឹមកណ្ដុរនេះ គឺមានភាពងាយស្រួលខ្លាំង ព្រោះក្នុងមួយថ្ងៃដាក់ចំណីឱ្យស៊ីតែម្ដង ការផ្គត់ផ្គង់ទឹកបានល្អ ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមក៏មិនមានលក្ខខណ្ឌច្រើននោះទេ។
ជាមួយគ្នានេះ លោកបានបន្តថា កសិដ្ឋានរបស់លោកភាគច្រើនចិញ្ចឹមកូនលក់ជាងលក់សាច់ ដែលកសិដ្ឋានអាចចាប់លក់បានវិលជុំតែម្ដងជារៀងរាល់ខែ ដោយចំណូលទទួលបានចាប់ពី ៥០០ដុល្លារឡើងទៅ។ ដោយលក់កណ្ដុរពូជក្នុងមួយគូរតម្លៃ ១៥ដុល្លារទៅ ២៥ដុល្លារ និងក្នុងមួយឆុតតម្លៃពី ២០ដុល្លារទៅ ៣៥ដុល្លារ។
ជាដំណឹងល្អ សម្រាប់កសិករផ្សេងទៀត ដែលចង់ចេះនូវបច្ចេកទេសចិញ្ចឹម ការរៀបចំអាង និងវិធីសាស្រ្តផ្សេងៗក្នុងការចិញ្ចឹមយកផលពីកណ្ដុរក៏អាចទៅរៀនផ្ទាល់នៅកសិដ្ឋានចិញ្ចឹមកណ្ដុររបស់លោក មុយ រើន នៅខេត្តបាត់ដំបងផងដែរ ដោយលោកបង្រៀនមិនគិតប្រាក់នោះទេ។ ចំពោះការបង្រៀនស្មគ្រចិត្តមិនយកប្រាក់នេះ ដោយលោកយល់ថា គ្រាដំបូងដែលលោកចេះ គឺមិនបានចាយដើមទុនក្នុងការរៀននោះទេ គឺលោកទទួលបានឱកាសទៅរៀនសូត្រផ្ទាល់ក្នុងកសិដ្ឋានចិញ្ចឹមកណ្ដុរនៅក្នុងប្រទេសថៃ និងសិក្សាររតាមប្រព័ន្ធ YouTube ប៉ុណ្ណោះ។
ម្យ៉ាងទៀតដោយក្ដីស្រឡាញ់ចំពោះមុខរបរនេះ លោកចង់ឱ្យមានកសិករច្រើនចេះនៅជំនាញនេះ និងប្រកបរបរនេះទៅថ្ងៃអនាគត ដោយឡែកលោកក៏អាចទទួលផលចំណេញផងដែរពីការលក់ចេញ និងទិញចូលពីកសិករដែលមករៀន។
ជាមួយគ្នានេះ លោក មុយ រើន យល់ឃើញថា ការចិញ្ចឹមកណ្ដុរនឹងមានទីផ្សារខ្លាំងទៅថ្ងៃអនាគត ព្រោះកណ្ដុរព្រៃចាប់ផ្ដើមពិបាករកមកផ្គត់ផ្គង់ទីផ្សារ និង អតិថិជនចាប់ផ្ដើមជឿទុកចិត្តលើកសិដ្ឋានរបស់លោក រហូតលោកបំពេញតម្រូវការអតិថិជនមិនទាន់ ហើយគម្រោងក្នុងពេលមិនយូរនេះលោកនឹងពង្រីកដល់៣០០អាងខណៈបច្ចុប្បន្នមានតែ១០០អាង ដើម្បីបំពេញតម្រូវការនៅលើទីផ្សារ។
ក្នុងនោះផងដែរលោកសង្ឃឹមយ៉ាងមុតមាំថា ទៅថ្ងៃអនាគតនិងមានឈ្មួញដែលមានធនធាន អាចជួយរកទីផ្សារកណ្ដុរនេះ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការលើកទឹកចិត្តដល់កសិករដែលចិញ្ចឹម និងកាត់បន្ថយភាពក្រីក្រផងដែរ។