ខេត្តបាត់ដំបង ត្រូវបានចាត់ទុកជាខេត្តមួយដែលមានសក្តានុពលមួយរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ទន្ទឹមគ្នានេះ ក្នុងរយៈពេល៥ឆ្នាំមកនេះ ពោលគិតចាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាខេត្តបាត់ដំបងរហូតជាង២លាននាក់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបាត់ដំបង ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានឱ្យដឹងថា ខេត្តបាត់ដំបងជាខេត្តមួយដែលមានភោគផលធម្មជាតិសម្បូរបែប និងទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ រមណីយដ្ឋាន ជាច្រើន ដែលជាប្រភពសក្តានុពល ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនា សម្រាកលំហែកាយ និងកំសាន្ត។ ទន្ទឹមគ្នានេះ លោកថា ខេត្តបាត់ដំបងក៏ ជាខេត្តមួយដែលត្រូវបានប្រសិទ្ធនាមជាខេត្តនៃអាហារ ដែលប្រជាជនខេត្តបាត់ដំបង មានភាពច្នៃប្រឌិតខ្ពស់ និងបានរួមចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកផងដែរ។
លោកបានឱ្យដឹងបន្តថា បច្ចុប្បន្នខេត្តបាត់ដំបង មានសណ្ឋាគារចំនួន ៤៦ កន្លែង ផ្ទះភ្ញៀវ និងផ្ទះស្នាក់ ៩៧ កន្លែង និងភោជនីយដ្ឋាន- អាហារដ្ឋានចំនួន ១៩១កន្លែង ខណៈខេត្ត ក៏មានសហគមន៍ទេសចរណ៍ចំនួន ០៤ កន្លែង គឺសហគមន៍អេកូទេសចរណ៍ព្រែកទាល់ (ស្រុកឯកភ្នំ) សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច (ស្រុកសំឡូត) និងសហគមន៍ទេសចរណ៍វប្បធម៌ភូមិវត្តគរ ក្រុងបាត់ដំបង។
គួរបញ្ជាក់ដែរថា រយៈពេល៥ឆ្នាំ (២០១៨-២០២២) ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបងសរុប ២.៥៧១.៦៨៧ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២.៣១៤.១២៦ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២៥៧.៥៦១ នាក់។ កន្លងមកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ធំៗដូចជា៖ ការសហការរៀបចំពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០, ពិធីសង្ក្រាន្តបាត់ដំបងដើម្បីអបអរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ,ពិធីបុណ្យអុំទូកបណ្តែតប្រទីបខេត្ត, កម្មវិឆ្លងឆ្នាំសកល និងពិធីតាំងពីពីលំផ្សេងៗ ជាច្រើនទៀត៕ អត្ថបទ៖ ពិសី