Jeff Bezos កម្រទៅអើតក្រុមហ៊ុនកាសែត Washington Post តែពេលទៅម្ដង បញ្ឈប់បុគ្គលិក ២០ នាក់ភ្លាមៗ

អន្តរជាតិ

ក្រុមហ៊ុន​សារព័ត៌មាន Washington Post បាន​ប្រកាស​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​ប្រមាណ ២០ នាក់​ភ្លាមៗ បន្ទាប់ពី​ម្ចាស់ក្រុមហ៊ុន Jeff Bezos បាន​ធ្វើដំណើរទស្សនកិច្ចទៅកាន់​ក្រុមហ៊ុន ខណៈ​លោក​កម្រ​ទៅ​អើត​ក្រុមហ៊ុន​មួយ​នេះ​ណាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Dailymail បាន​បង្ហាញថា ក្រុមហ៊ុន​សារព័ត៌មាន​ខាងលើ​បាន​បញ្ឈប់​បុគ្គលិកសារព័ត៌មាន ២០ នាក់​ក្នុងចំណោម​អ្នកកាសែត ១ ០០០ នាក់ និង​ប្រកាសថា នឹង​ទុកចន្លោះទំនេរ​សម្រាប់​ឱកាស​ការងារ ៣០ កន្លែង។

ការកាត់បន្ថយបុគ្គលិក​របស់ Washington Post កើតមានឡើង​ ចំពេល​លឺ​ល្ហៀងៗថា Jeff Bezos មាន​បំណង​ចង់​លក់​ក្រុមហ៊ុន​សារព័ត៌មាន​នៅ​ទីក្រុង Washington DC ដើម្បីទិញ​ក្រុម​បាល់ទាត់ Washington Commanders NFL វិញ។

គួររំលឹកដែរថា តាំងពី​ស្ថាបនិក​ក្រុមហ៊ុន Amazon ទិញ​យក​ក្រុមហ៊ុន Washington Post កាលពី​ឆ្នាំ ២០១៣ មក ក្រុមហ៊ុន​មួយ​នេះ​រមែង​រក​ប្រាក់​ចំណេញ​ជារៀងរាល់ឆ្នាំ ទោះ​ច្រើន​ឬ​តិច​ក្ដី ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ២០២១ មក​ ក្រុមហ៊ុន​បាន​ប្រកាស​ពី​ការ​ខាតបង់​ជាប់ៗគ្នា។

ដូច្នេះ​ហើយ ប្រធាននាយកប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន Fred Ryan បាន​បង្ហើប​ថា ក្រុមហ៊ុន​ត្រូវ​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​បុគ្គលិក ហើយ​សម្រាប់​ផ្នែក​សារព័ត៌មាន​អាច​នឹង​ត្រូវ​កាត់​បន្ថយ​បុគ្គលិក​រហូត ១០% ពោល​គឺ​ អ្នកកាសែត​ប្រមាណ ១០០ នាក់​នឹងត្រូវ​ដកចេញ​ពី​ក្រុមហ៊ុន​មួយ​នេះ៕