កាលពីឆ្នាំ ២០២២ មហាសេដ្ឋីមានបំផុតនៅអាមេរិក ២៥ រូប បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនសរុបរហូតដល់ ២៧ ពាន់លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ជាច្រើនកន្លែង ហើយបើធៀបនឹង ២ ឆ្នាំចុងក្រោយ ឆ្នាំទៅគឺពួកគេបរិច្ចាគច្រើនបំផុត បើទោះជាផ្សារហ៊ុនក្រឡុកបន្តិចក្ដី។
យោងតាមការចុះផ្សាយពី Barrons បានបង្ហាញថា អ្នកមានបំផុត ២៥ រូបនៅអាមេរិកបានបរិច្ចាគទឹកប្រាក់សរុបតាំងពីដើមរៀងមក រហូតដល់ចុងឆ្នាំ ២០២២ មានចំនួន ១៩៦ ពាន់លានដុល្លារ ខណៈឆ្នាំទៅពួកគេបរិច្ចាគទឹកប្រាក់ច្រើនជាងឆ្នាំ ២០២១ ចំនួន ៧ ពាន់លានដុល្លារ ហើយបើធៀបនឹងឆ្នាំ ២០១៨ គឺខុសគ្នាទ្វេដង។
មិនតែប៉ុណ្ណោះ ក្រុមអ្នកមានបំផុតនៅអាមេរិក ២៥ រូបនោះ បានបរិច្ចាគទឹកប្រាក់ជាច្រើន បើទោះជាទ្រព្យសម្បត្តិសរុបរបស់ពួកគេ មានការថយចុះរហូត ១៥% បើធៀបនឹងឆ្នាំមុនៗ ដោយសារសេដ្ឋកិច្ចសកលមានកំណើនយឺត។
ក្នុងចំណោមមហាសេដ្ឋីទាំង ២៥ រូបនោះ បិតាវិនិយោគិន Warren Buffett បរិច្ចាគទឹកប្រាក់ច្រើនបំផុត ៥,៤ ពាន់លានដុល្លារ ខណៈមូលនិធិ Bill Gates and Melinda French Gates បរិច្ចាគទឹកប្រាក់ ៥ ពាន់លានដុល្លារ៕