កាលពីពេលថ្មីៗនេះ តុលាការប្រឆាំងអំពើពុករលួយជាន់ខ្ពស់អ៊ុយក្រែន បានធ្វើការបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី Mikhail Shelkov ដែលរួមមានអគារមួយចំនួន យានយន្ត ភាគហ៊ុននៃក្រុមហ៊ុន និងទឹកប្រាក់ដែលមាននៅក្នុងកុងធនាគារប្រទេសអ៊ុយក្រែនទាំងអស់។
យោងតាមអង្គការតម្លាភាពអន្តរជាតិអ៊ុយក្រែន បានបង្ហាញថា លោក Shelkov គឺជាប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុនរដ្ឋ Rostec ដែលគ្រប់គ្រងលើការផលិតសម្ភារៈសឹកសម្រាប់ការពារជាតិរុស្ស៊ី និងជាមហាសេដ្ឋីមានបំផុតទី ៥៩ ជាមួយទ្រព្យសម្បត្តិប្រមាណ ១,៥ ពាន់លានដុល្លារ។
សូមជម្រាបដែរថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលមកក្នុងទឹកដីរបស់ខ្លួន អ៊ុយក្រែនបានបង្កក និងរឹបអូសទ្រព្យសម្បត្តិ ក៏ដូចជាសិទ្ធវិនិយោគរបស់មហាសេដ្ឋីរុស្ស៊ី ដែលមាននៅក្នុងប្រទេសអ៊ុយក្រែនអស់ជាច្រើន។
ទន្ទឹមនឹងនោះ មូលនិធិធានាប្រាក់បញ្ញើនៅអ៊ុយក្រែនបានប្រកាសថា ពួកគេបានផ្ទេរប្រាក់ប្រមាណ ៤៦០ លានដុល្លារ ពីគណនីធនាគាររុស្ស៊ី ទៅកាន់កញ្ចប់មូលនិធិពិសេសរបស់រដ្ឋរួចរាល់ហើយ៕