ថៃ កំពុងព្យាយាមជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit នឹងទៅកាន់ទីក្រុង Bruseels នៃប្រទេសប៊ែលហ្ស៊ិក នៅចន្លោះថ្ងៃទី ២៥ ដល់ ២៦ ខែមករានេះ ដើម្បីជំរុញឱ្យមានការចរចាជាពិសេសទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ បើតាមលោក Jurin បានបង្ហាញឱ្យដឹងថា វិស័យឯកជនរបស់ថៃ កំពុងដាក់ក្តីសង្ឃឹមខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនេះ ដោយសារតែវានឹងកាន់តែជួយជំរុញពាណិជ្ជកម្មរវាងប្រទេសថៃ និងប្រទេសសមាជិក EU បន្ថែមទៀត រួមទាំងអត្ថប្រយោជន៍ដែលទទួលបានពីការលើកលែងពន្ធផងដែរ ។

គួរឱ្យដឹងទៀតថា លោក Jurin និងត្រូវជួបផ្ទាល់ជាមួយលោក Valdis Dombrovskis ដែលជាថ្នាក់ដឹកនាំកំពូលមួយរបស់ EU ទទួលបន្ទុកទៅលើវិស័យពាណិជ្ជកម្ម ដើម្បីបង្ហាញថា ប្រទេសថៃ គឺមានការត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះ ។

សហភាពអឺរ៉ុប ដែលមានប្រទេសជាសមាជិកចំនួន ២៧ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៥ របស់ប្រទេសថៃ បន្ទាប់ពីអាស៊ាន ចិន សហរដ្ឋអាមេរិក និងជប៉ុន ខណ:កាលពីឆ្នាំ ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មរវាងថៃ និង EU មានតម្លៃជាង ៤១ ពាន់លានដុល្លារ ដែលស្មើនឹង ៦,៩៥% នៃទំហំពាណិជ្ជកម្មសរុបទាំងអស់របស់ថៃ ។

ក្នុងនោះផងដែរថា ការនាំចេញរបស់ប្រទេសទៅកាន់ EU មានចំនួនប្រមាណ ២២,៧៩ ពាន់លានដុល្លារ និងការនាំចូលវិញមានចំនួន ១៨,២៤ ពាន់លានដុល្លារ ខណ:ទំនិញនាំចេញសំខាន់ៗរបស់ថៃ ដែលបាននាំចេញទៅកាន់សហភាពអឺរ៉ុប​ មានដូចជាកុំព្យូទ័រ ត្បូង គ្រឿងអលង្ការ ម៉ាស៊ីនត្រជាក់ និងកៅស៊ូ ស្របពេលទំនិញដែលនាំចូលមកវិញ មានដូចជាគ្រឿងចក្រ និងផលិតផលឱសថ ជាដើម ៕