អាល្លឺម៉ង់ អនុញ្ញាតបញ្ជូនរថក្រោះធន់ធ្ងន់ និងបើកវគ្គហ្វឹកហ្វឺនពលទាហានអ៊ុយក្រែន

អន្តរជាតិ

កាលពីថ្ងៃទី ២៥ មករា​កន្លងទៅ ប្រទេសអាល្លឺម៉ង់បាន​យល់ព្រម​សំណើ​ប៉ូឡូញ ​ក្នុងការបញ្ជូន​រថក្រោះ​ធន់ធ្ងន់ Leopard ទៅកាន់​ប្រទេសអ៊ុយក្រែន ដើម្បីវាយដណ្ដើមទឹកដីដែលបានធ្លាក់ទៅក្រោម​ការគ្រប់គ្រង​របស់​ប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​យល់ព្រម​បញ្ជូន​រថក្រោះ​ធន់ធ្ងន់​ដែល​ផលិត​នៅ​ប្រទេស​របស់ខ្លួន ​អាល្លឺម៉ង់​ថែម​ទាំង​ត្រៀម​បើក​វគ្គ​ហ្វឹកហ្វឺន​ពលទាហាន​អ៊ុយក្រែន​នា​ពេល​ឆាប់ៗខាងមុខ និង​បាន​សន្យា​ជួយ​ទាំង​ផ្នែកភស្តុភារ និងគ្រាប់កាំភ្លើង​ដល់​អ៊ុយក្រែន​ថែមទៀត។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

សេចក្ដីសម្រេចចិត្ត​របស់​អាល្លឺម៉ង់ ប្រៀបដូចជា​ការ​បើកផ្លូវដល់​ប្រទេសប៉ូឡូញ អេស្ប៉ាញ និងន័រវែស ​សម្រាប់​បញ្ជូន​រថក្រោះ​ម៉ូដែល Leopard ដែលមាន​នៅក្នុង​ប្រទេស​របស់ពួកគេ ទៅកាន់​ប្រទេសអ៊ុយក្រែន ខណៈ​មេដឹកនាំនៃ​ប្រទេសមួយនេះ​ក៏​តែងទទូច​សុំ​ជំនួយ​ផ្នែកសព្វាវុធ​ ដើម្បី​ទប់ទល់​ជាមួយ​កងកម្លាំង​រុស្ស៊ី។

សូមជម្រាបដែរថា ខ្វះតែជាងមួយខែ​ទៀតប៉ុណ្ណោះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន​នឹង​អូសបន្លាយ​ពេល​រហូតដល់ ១ ឆ្នាំ ពោល​រុស្ស៊ី​បាន​បើកការវាយប្រហារ​ចូល​ប្រទេស​អ៊ុយក្រែន កាលពី​ចុងខែកុម្ភៈ ២០២២ និងបង្កឲ្យ​សេដ្ឋកិច្ច​សកល​ជួប​ហានិភ័យ​ជាខ្លាំង៕