អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) និងឧកញ៉ា លី ឆូកឆៃ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលជាមិត្តភក្តិដ៏ស្និតស្នាលនឹងគ្នា នាព្រឹកថ្ងៃទី ២៩ ខែមករា នេះ បានចូលរួមក្នុងព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុមដ៏ធំ V-Active Fun Run នៅតាមបណ្តោយ ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត នៃតារារះនា ទិសនិរតី ក្នុងខេត្តព្រះសីហនុ ជាមួយអ្នកចូលរួមប្រមាណជិត ៨០០នាក់។
ផ្ដល់បទសម្ភាសន៍ជាមួយ Oknha News ដោយផ្ទាល់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បង្ហាញអារម្មណ៍រំភើបរីករាយខ្លាំងមែនទែនដែលបានអញ្ជើញមករត់ម៉ារ៉ាតុងនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះអ្នកឧកញ៉ាក៏សង្ឃឹមថា ព្រឹត្តការណ៍នេះ នឹងក្លាយទៅជាសារមួយជួយក្រើនរំលឹក ដល់ប្រជាជនឲ្យបន្តនិងចូលរួមហាត់ប្រាណកាន់តែច្រើន។
ការរៀបចំព្រឹត្តការណ៍ រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ស្របពេលដាក់ ដំណើរការជាផ្លូវការ វត្តមាន ភេសជ្ជៈ កីឡា វី-អាកទីវ លើទីផ្សារ បង្ហាញពីឆន្ទះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងការបន្តលើកកំពស់វិស័យ កីឡា និងសុខមាលភាពសង្គមតាមរយៈការហាត់ប្រាណ និងលេងកីឡា៕