ចូលមកនៅដើមឆ្នាំ២០២៣នេះអាកាសធាតុហាក់មានភាពអំណោយផលជាខ្លាំងសម្រាប់វិស័យកសិកម្ម។តួយ៉ាងដំណាំស្វាយកែវរមៀតបានចេញផ្កាច្រើនធ្វើឱ្យកសិករមានក្តីសង្ឃឹមថានឹងទទួលបានទិន្នផលច្រើនជាឆ្នាំមុនៗហើយថានិងលក់បានថ្លៃនៅពេលដែលប្រទេសចិនបើកប្រទេសឱ្យទូលាយឡើងវិញនៅដើមឆ្នំា២០២៣នេះ។
ប្រធានសហគមកសិកម្មស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថានៅឆ្នំានេះសមាជិករបស់សមាគមទំាង៥០ចំការអត់ឃើញពួកគាត់ត្អូញត្អែអំពីបញ្ហាដំណាំស្វាយ ខុសពីឆ្នំាកន្លងទៅស្វាយកែវរមៀតរងការខូចខាតដោយសារការប្រែប្រួលពីកាសធាតុ។
លោក យៀប សេងហូ ប្រធានសហគមកសិកម្មស្វាយកែវរមៀតគិរីរម្យមានប្រសាសន៍ថា«នៅឆ្នាំនេះខ្ញុំឃើញថាស្វាយទទួលបានផលល្អហើយតម្លៃស្វាយកែវរមៀតថានឹងលក់បានថ្លៃនៅពេលចិនបើកចំហរប្រទេសឡើងវិញ ។កាលពីរបីឆ្នំាមុនតាមខ្ញុំដឹងស្វាយដែលបេះនៅដើមថ្លៃតែ១.២០០រៀលក្នុងមួយគីឡូក្រាមតែមកដល់ឆ្នំា២០២៣នេះវាអាចឡើងដល់១.៥០០ទៅ១.៦០០រៀលយ៉ាងតិច។ដូចនេះតម្លៃស្វាយនៅឆ្នំានេះវាមានតម្លៃល្អជាងឆ្នាំមុនៗ»។
លោកបន្តថា កាលពីមុនស្វាយកែវរមៀតក្នុងមួយគីឡូក្រាមថ្លៃ១២០០រៀល ហើយជូនកាលធ្លាក់ដល់៧០០ឬ៨០០រៀល។លើសពីនេះកាលពីដើមឆ្នំា២០២២នៅពេលដែលចិនចេញវិធានការរឹតបន្តឹងទៅលើបញ្ហាជំងឺកូវីដ១៩ ឱ្យគេទៅបេះយកគ្មានអ្នកទៅបេះផង ព្រោះលក់មិនរួចថ្លៃជួលគេឱ្យមកបេះ។
លោក សុទ្ធ សុភា នាយកប្រតិបត្តិសហគមកសិកម្មស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងនៅមុនពេលកម្ពុជាមិនទាន់ជួបវិបត្តិជំងឺកូវីដ១៩ តម្លៃស្វាយកែវរមៀតនៅល្អគ្រាន់បើ ក្នុងមួយគីឡូក្រាមយើងអាចលក់បានថ្លៃពី១៥០០រៀលទៅ២០០០រៀលប្រភេទស្វាយលេខមួយនិងប្រភេទស្វាយលេខពីរ ធ្វើឱ្យម្ចាស់ចំការស្វាយនីមួយៗនៅមានលទ្ធភាពទទួលបានប្រាក់ចំណេញខ្លះ។តែនៅពេលជំងឺកូវីដ១៩ឆ្លងរីករាលដាលនៅកម្ពុជា ហើយនៅឆ្នំា២០២១និង២០២២ ប្រទេសចិនមានវិធានការសេរ៉ូកូវីដ១៩វាធ្វើឱ្យប៉ះពាល់ទៅដល់ការដឹកជញ្ជូនដោយនៅតាមព្រំដែនចិន-វៀតណាមត្រូវបានបិទមិនឱ្យមានការដឹកជញ្ជូនផលិតផលផ្លែឈើស្រស់ចូលតែបើចង់ដឹកតាមកាប៉ាល់ចូលទៅកំពង់ផែរបស់ចិនក៏មានភាពយឺតយាវក្នុងត្រួតពិនិត្យទំនិញនៅក្នុងកុងតឺន័រ។
លោកនាយកប្រតិបត្តិសង្កត់ធ្ងន់ថា «ទាំងអស់នេះគឺជាកក្តាមួយមិនអាចធ្វើឱ្យផ្លែស្វាយមានហាងឆេងនៅក្នុងស្រុកខ្មែរកាលឆ្នំា២០២១និង២០២២កន្លងទៅទំាងម្ចាស់ចំការស្វាយនិងទំាងអ្នកម៉ៅទិញស្វាយមិនទទួលបានប្រាក់ចំណេញទេ មានតែការខាតបង់ប្រាក់ទៅវិញ លើការចំណាយថ្លៃជីនិងការថែរទាំ»៕ អត្ថបទ៖សារេត