កូនស្រីច្បងឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង ម្ចាស់បុរី វិមានសំណាង មានឈ្មោះថា ចូលី (Jolie) បានចេញដំណើរទៅបន្តការសិក្សានៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣នេះ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករានេះថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកត្រូវជូនដំណើរកូនស្រីច្បង ចូលី វ័យ១៦ឆ្នាំ ទៅបន្តការសិក្សានៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយលោកជឿថា កូនស្រីរបស់លោក ចូលី នឹងអាចរៀនដល់ចប់ថ្នាក់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (MBA) ឬថ្នាក់បណ្ឌិត។ ជាមួយគ្នានេះ លោកជំទាវឧកញ៉ា គង់ សំណាង និងកូនៗរបស់លោកស្រី២រូបទៀត ក៏បានចូលរួមជូនដំណើរ ចូលី ផងដែរ។
គួររំឮកថា កាលចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានធ្វើដំណើរទេសចរណ៍លក្ខណៈគ្រួសារទៅកាន់តំបន់អឺរ៉ុបជាច្រើនថ្ងៃ ដោយក្នុងនោះលោកបានទៅកាន់ប្រទេសអ៊ីតាលី ស្វីស អង់គ្លេស និងបារាំង។ លោកឧកញ៉ាក៏បានបង្ហាញរូបភាពជាមួយកូនស្រីទី២ ឈ្មោះថា អេនណា អាយុ១៤ឆ្នាំ ក្នុងអំឡុងពេលចាំជិះរថភ្លើងពីទីក្រុង Milan ប្រទេសអ៊ីតាលី ទៅកាន់ទីក្រុង Zurich ប្រទេសស្វីស។ បន្ថែមពីនេះ លោកឧកញ៉ា ក៏បាននាំកូនស្រីច្បង ចូលី ទៅទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់ របស់ក្រុមបិសាចក្រហម Manchester United នៅកីឡដ្ឋាន Old Trafford ទៀតផង។ យ៉ាងណាមិញ តាមការបញ្ជាក់របស់លោកឧកញ៉ា ក្រៅពីដំណើរកម្សាន្ត លោកក៏ឆ្លៀតទៅមើលសាលាល្បីៗមួយចំនួន ដើម្បីឱ្យកូនរបស់លោក ត្រៀមចូលរៀននៅមហាវិទ្យាល័យ។
សូមជម្រាបជូនថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាម្ចាស់គម្រោងបុរីចំនួនពីរកន្លែង គឺ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) និងបុរី វិមានសំណាង (Borey Vimean Samnang)។ សម្រាប់ បុរី វិមានសំណាង គឺស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕