មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា តាំងពីមានច្បាប់ស្តីពីសំណង់ ដែលប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីចុងឆ្នាំ២០១៩ និងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២០ អគារខ្ពស់ៗនៅកម្ពុជា មិនទាន់មានការបាក់រលំ ដូចពេលមុននោះទេ។
លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងក្នុងឱកាសដែលលោកធ្វើបទបង្ហាញស្តីពីច្បាប់សំណង់ ជូនដល់យុវជនក្រសួងដែនដីប្រមាណជិត ២០០នាក់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះថា បើយើងនិយាយពីការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា យើងអាចប្រើពាក្យថាផ្ទុះ (Boom) នៅរយៈពេល១០ឆ្នាំ ឬ៥ឆ្នាំចុងក្រោយ ដោយសារមានការសម្រុកសាងសង់ច្រើន ប៉ុន្តែយើងមិនមានច្បាប់ បទដ្ឋានគ្រប់គ្រាន់ ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកច្បាប់ ដូច្នេះហានិភ័យគឺកើតមានឡើងគ្រប់ពេល។ លុះដល់មានការបាក់អគារនៅព្រះសីហនុ ទើបនាំគ្នាភ្ញាក់ផ្អើល ហើយនេះជាមូលហេតុក្រសួងដែនដី បង្ខំធ្វើច្បាប់ស្តីពីសំណង់ឱ្យបានលឿន ឱ្យបានឆាប់ និងប្រកាសឱ្យប្រើជាការប្រញ៉ាប់។
នាយកខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រូបនេះ បានបន្តថា មកទល់បច្ចុប្បន្ន ក្រោយពីច្បាប់សំណង់ ចូលជាធរមាន យើងសង្កេតឃើញថា ពុំទាន់ឃើញមានការបាក់រលំអគារទៀតនោះទេ មានតែការបាក់ដី នៅពេលពួកគាត់សាងសង់នៅមាត់ទឹក ហើយចំណុចនេះក៏មិនដឹងជួយរបៀបណានោះដែរ។ មែនទែនទៅ បើយើងយកច្បាប់សំណង់ទៅអនុវត្ត ផ្ទះទាំងអស់របស់ប្រជាជនដែលរស់នៅជាប់មាត់ទន្លេ នឹងត្រូវរុះរើចេញទាំងអស់ ព្រោះផ្ទះទាំងនោះខុសពីនិយាមសុវត្ថិភាពទាំងអស់ ប៉ុន្តែបើយើងរុះរើទាំងអស់ មិនដឹងថាគួរយកពួកគាត់ទៅទីណា។
លោក ថេង ច័ន្ទសង្វារ បានបន្ថែមថា ច្បាប់សំណង់ ក៏បានជួយលើកកម្ពស់សុវត្ថិភាព និងគុណភាពអគារខ្ពស់ៗនៅកម្ពុជា បានកាន់ច្រើន ដោយក្នុងនោះក្នុងច្បាប់បានតម្រូវឱ្យមានបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងស្តង់ដា ដែលមន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យទៅលើសម្ភារៈសំណង់ បរិក្ខារសំណង់ ផលិតផលសំណង់ ការប្រកបវិជ្ជាជីវៈ និងការធ្វើអាជីវកម្មក្នុងវិស័យសំណង់។ ម្យ៉ាងទៀត គ្រប់ការសាងសង់អគារធំៗខ្ពស់ៗ តម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់។
គួររំឮកថា កាលខែមិថុនា ឆ្នាំ២០១៩ អគារកំពុងសាងសង់មួយកម្ពស់ ៧ជាន់ នៅក្រុងព្រះសីហនុ បានបាក់រលំ ដែលបណ្តាលឱ្យមនុស្ស២៨នាក់ស្លាប់។ រំលងបានប៉ុន្មានខែក្រោយមក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ សំណង់អគារកម្ពស់ ៦ជាន់មួយទៀត នៅខេត្តកែប ក៏បានបាក់រលំដែរ ដែលមានជនរងគ្រោះយ៉ាងហោចណាស់ ៦នាក់ បានស្លាប់បាត់បង់ជីវិត។ ការបាក់អគារទាំងអស់នេះ ត្រូវបានគេយល់ឃើញថា ដោយសារតែការសាងសង់មិនគោរពច្បាប់ គ្មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ធ្វើឱ្យសំណង់គ្មានគុណភាព និងមិនធានាបាននូវនិយាមសុវត្ថិភាព។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសំណង់ មាន២២ជំពូក ១១១មាត្រា ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ច្បាប់នេះ មានគោលបំណងធានា៖ គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន, សោភណភាពនិងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ, គណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រកបការងារនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់, ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម៕