ក្រុមហ៊ុន Ford គឺជាក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីឈ្មោះមួយ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះកំពុងក្តោបក្តាប់ជាប់ចំណាត់លេខ ១៥ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តដែលមានមូលធនទីផ្សារធំបំផុតនៅលើលោក ពោលគឺប្រមាណ ៥១,៣៧ ពាន់លានដុល្លារ។ Ford Motor Company ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយលើពិភពលោកកំពុងពេញនិយម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Dearborn រដ្ឋ Michigan សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Ford ត្រូវបានបង្កើតឡើងដោយលោក Henry Ford ដែលបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី ១៦ ខែ មិថុនាឆ្នាំ ១៩០៣។ ភាពជោគជ័យឥតឈប់ឈរក្នុងវិស័យឧស្សាហកម្មយានយន្ត ដោយផលិតរថយន្តស៊េរីទំនើបគុណភាពជាចម្បងសម្រាប់ផ្គត់ផ្គង់ទីផ្សារប្រមាណជាង ១១៨ ឆ្នាំមកនេះ Ford មានឈ្មោះល្បីល្បាញ ខណៈពេលបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកខ្លួន ជាមួយនឹងការបង្កើតរោងចក្រជាច្រើននៅទូទាំងពិភពលោក ដូចជា សហរដ្ឋអាមេរិក កាណាដា ម៊ិចស៊ិកកូ ចិន ឥណ្ឌា អង់គ្លេស អាល្លឺម៉ង់ និងប្រទេសជាច្រើន។
ជុំវិញភាពជោគជ័យរបស់ក្រុមហ៊ុន Ford ឧកញ៉ាញូស៍ សូមលើកទុកដោយឡែក ប៉ុន្តែម៉ោងនេះចង់បង្វែអារម្មណ៍ប្រិយមិត្តមកស្គាល់ CEO របស់ក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយនៅលើលោកមួយនេះ ដូចតទៅ៖
លោក Jim Farley Jr ជានាយកប្រតិបត្តិ (Chief Executive Officer)ក្រុមហ៊ុន Ford Motor Company ដែលបានចូលកាន់តំណែងជំនួសលោក Jim Hackett អ្នកជំនួញជនជាតិអាមេរិកមានទ្រព្យសម្បត្តិសរុប ៥០ លានដុល្លារ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ស្របពេលដែលលោកក៏កាន់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនយក្សផលិតរថយន្ត Ford នេះផងដែរ។
កន្លងមក Ford បានរាយការណ៍ថា CEO លោក Farley ទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ១២.៤៩១.៥៤០ ដុល្លារ។ ខណៈដែលទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានរបស់លោកសរុបមានប្រមាណ ៧១.៣ លានដុល្លារអាមេរិក ដោយគិតត្រឹមថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ។
ក្នុងនាមជានាយកប្រតិបត្តិ លោក Farley បានប្តេជ្ញាផ្តោតជាសំខាន់លើការពន្លឿនការផ្លាស់ប្តូររបស់ Ford តាមរយៈឧត្តមភាពនៃការប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងផ្តល់នូវកំណើនប្រាក់ចំណេញប្រកបដោយនិរន្តរភាព។
លោក Jim Farley Jr កើតនៅឆ្នាំ ១៩៦២ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Georgetown នៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី និងសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា រដ្ឋ Los Angeles (UCLA) ផ្នែកគ្រប់គ្រង។
នៅមុនពេលចូលរួមជាមួយ Ford នឹងក្តោបដំណែងធំជា CEO ក្នុងឆ្នាំ ២០០៧ លោក Farley គឺជាអនុប្រធានក្រុម ហើយក្រោយមកត្រូវបានតែងតាំជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Toyota ដែលដឹកនាំការលក់ និងគ្រប់គ្រងផ្នែកទីផ្សារសម្រាប់ម៉ាកយីហោ Lexus ។
តែទោះជាយ៉ាងណា ធ្វើការមិនបានប៉ុន្មានផង លោក Farley ក៏ត្រូវបានបញ្ចុះបញ្ចូលឲ្យចាកចេញពីក្រុមហ៊ុន Toyota វិញ ដែលចរចារនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Bill Ford ក្នុងឆ្នាំ ២០០៧ ។ ទីបំផុតលោកត្រូវបានតែងតាំងជាប្រធានផ្នែកលក់ និងសេវាកម្មទីផ្សារពិភពលោក សម្រាប់ក្រុមហ៊ុន Ford នៅក្នុងឆ្នាំ ២០១០ ខណ:គាត់ក៏បានក្លាយជាប្រធានផ្នែកគ្រប់គ្រងការផលិតរថយន្ត Ford ទូទាំងពិភពលោកផងដែរ ។
លើសពីនេះ លោកក៏ជាអ្នកទទួលខុសត្រូវផ្នែកប្រតិបត្តិការជាសកលសម្រាប់ក្រុមហ៊ុន Lincoln ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៤ ផងដែរ មុនពេលទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការអន្តរជាតិ នៅខាងប៉ែកអឺរ៉ុប របស់ក្រុមហ៊ុន។
ជាមួយគ្នានេះ ក្រោយពីទទួលតំណែងបន្តពីលោក Hackett នាយកប្រតិបត្តិថ្មីសញ្ជាតិអាមេរិករូបនេះ បានដាក់ចេញយុទ្ធសាស្រ្តសំខាន់ៗ ដោយរួមបញ្ចូលទីផ្សារពិភពលោករបស់ក្រុមហ៊ុន ក៏ដូចជាការបណ្តាក់ទុនអាជីវកម្មថ្មីៗ តម្លៃ ២៩ ពាន់លានដុល្លារក្នុងការផលិតរថយន្តបើកដោយស្វយ័ត និងរថយន្តអគ្គិសនី រហូតដល់ឆ្នាំ ២០២៥ ។
លោក Jim Farley Jr បានបង្ហាញពីទស្សន:ថា ៖ “ ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់លោក Jim Hackett យើងទទួលបានភាពជោគជ័យដ៏មានន័យ និងបានក្លាយជាក្រុមហ៊ុនមួយយ៉ាងសកម្ម និងរីកចម្រើនបំផុត។ ឥឡូវនេះ ដល់ពេលដែលយើងត្រូវធ្វើតាមគោលការណ៍ទាំងនោះបន្ត។ យើងនឹងប្រកួត បែងចែកធនធានដើម្បីរកភាពរីកចម្រើន និងស្វែងរកឱកាសជោគជ័យ និងបង្កើនចំនួនអតិថិជនតាមរយ:ផលិតផល និងបទពិសោធល្អៗ “ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Ford & Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអាមេរិកតែមួយគត់ ដែលគ្មានបទពិសោធនក្ស័យធនក្នុងចំណោមក្រុមហ៊ុនចាប់ផ្តើមផលិតរថយន្តចំនួន ១០០០ គ្រឿង និយាយជារួម គឺលំហូរសាច់ប្រាក់វិជ្ជមានជានិច្ច៕