ព្រែកជីក Suez ដែលជាផ្លូវទឹកដ៏សំខាន់ ក្នុងការដឹកជញ្ជូនទំនិញរបស់ពិភពលោក បានប្រកាសអំពីការកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់បំផុតដល់ចំនួន ៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newsroomodisha។
បើតាមការឱ្យដឹងពីអាជ្ញាធរព្រែកជីក Suez របស់ប្រទេសអេហ្ស៊ីប បានបង្ហាញថា ប្រាក់ចំណូលដែលទទួលបានពីឆ្នាំមុន បានកើនឡើង ២៥% ធៀបទៅនឹងឆ្នាំ ២០២១ ដែលអាចរកបានត្រឹម ៦,៣ ពាន់លានដុល្លារប៉ុណ្ណោះ បន្ទាប់ពីមានការដំឡើងថ្លៃសេវាដឹកជញ្ជូនតាមផ្លូវទឹកដ៏ធំនេះ ជាបន្តបន្ទាប់។
អាជ្ញាធរព្រែកជីក Suez បាននិយាយទៀតថា ជាមធ្យមមានកប៉ាល់ចំនួន ៦៨ គ្រឿងបានឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះប្រចាំថ្ងៃ កាលពីឆ្នាំមុន ជាមួយនឹងការដឹកទំនិញចំនួន ៤១ ពាន់លានតោន។ ហើយជាលទ្ធផល នៅក្នុងឆ្នាំ ២០២២ ទាំងមូល មានកប៉ាល់សរុបរហូតដល់ ២៣ ៨៥១ បានឆ្លងកាត់ផ្លូវទឹកនេះ ។
ជម្រាបជូនផងដែរថា ដោយជាផ្លូវទឹកតែមួយគត់ ដែលបានតភ្ជាប់សមុទ្រមេឌីទែរ៉ាណេ ជាមួយសមុទ្រក្រហម ព្រែកជីក Suez ដែលបានបើកដំណើរការឱ្យប្រើប្រាស់ដំបូង នៅក្នុងឆ្នាំ ១៨៦៩ បានចូលរួមជាផ្នែកដ៏សំខាន់បំផុត ដោយក្នុងនោះមានប្រហែល ១២% នៃពាណិជ្ជកម្មសរុបរបស់ពិភពលោក បានឆ្លងកាត់ផ្លូវទឹកដ៏ធំមួយនេះ៕