កម្ពុជា ណែនាំដល់សមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានលើកទឹកចិត្តដល់សមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលជាសមាជិក។ ការណ៍នេះ ធ្វើក្នុងជំនួបពិភាក្សាការងារជាមួយសមាគមអ្នកនាំចូល ក្រោមការដឹកនាំរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Byung-Kwan Kim ប្រធានសមាគមអ្នកនាំចូលកូរ៉េ និងសហការី នៅទីស្នាក់ការរបស់សមាគមអ្នកនាំចូលកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជានិងកូរ៉េជាសមាជិក ដែលរួមមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងក៏ដូចជាការការលើកទឹកចិត្តនានានៅក្រោមច្បាប់ស្តីពីវិនិយោគថ្មីជាដើម។

ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះ បានផ្តល់ទីផ្សារអនុគ្រោះ និងលក្ខខណ្ឌអំណោយផល សម្រាប់ផលិតករ អ្នកនាំចេញ នាំចូល ទាំងកម្ពុជា និងកូរ៉េ ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ទៅវិញទៅមក កិច្ចព្រមព្រៀងទាំងនោះក៏នឹងដើរតួនាទីសំខាន់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ប្រធានសមាគមកូរ៉េ បានសម្តែងនូវទសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ លើសពីនេះ លោក នឹងជំរុញសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញកម្ពុជាមកទីផ្សារកូរ៉េ និងស្វែងរកដៃគូនៅកម្ពុជាបន្ថែមទៀត ជាពិសេសទាញយកប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

បន្ថែមពីនោះ ភាគីទាំងពីរ ក៏បានធ្វើណែនាំពីកម្មវត្ថុអាជីវកម្មរបស់ខ្លួន និងចែករំលែកទៅវិញទៅមក នូវព័ត៌មានពាណិជ្ជកម្ម ប្រតិបត្តិការអាជីវកម្ម និងវិស័យទំនិញសក្កានុពល ដែលជាចំណាប់អារម្មណ៍ ដើម្បីសហការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ក៏ដូចជាការវិនិយោគក្នុងពេលខាងមុខ៕