ក្រុមហ៊ុនថាមពល Chevron កើបលុយចំណេញបានជាង ៣៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២

អន្តរជាតិ

ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់សហរដ្ឋអាមេរិក Chevron Corp កាលពីថ្ងៃសុក្រកន្លងទៅនេះ បានធ្វើការប្រកាស អំពីការកើបប្រាក់ចំណេញបាន ៣៦,៥ ពាន់លានដុល្លារ សម្រាប់ពេលពេញមួយឆ្នាំ ២០២២ ពោលគឺជាចំនួនច្រើនជាងប្រាក់ចំណូល កាលពីឆ្នាំ ២០២១ ជាង ២ ដងឯណោះ ដោយសារតែទទួលបានការជំរុញពីការកើនឡើងតម្លៃប្រេងខ្ពស់ជាសកល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ប្រាក់ចំណេញដែលក្រុមហ៊ុន Chevron រកបាននៅឆ្នាំនេះ បានកើនឡើងច្រើនជាងទ្វេដង ពីចំនួន ១៥,៦ ពាន់លានដុល្លារ ដែលពួកគេទទួលបាន នៅក្នុងឆ្នាំ ២០២១ និងបានកើនឡើង ៣៦% ពីប្រាក់ចំណេញខ្ពស់បំផុត ដែលខ្លួនបានកត់ត្រាទុក កាលពីឆ្នាំ ២០១១ ។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលសម្រាប់ត្រីមាសទី ៤ របស់ក្រុមហ៊ុនធំលំដាប់ទី ២ របស់សហរដ្ឋអាមេរិកមួយនេះ ទទួលបាន ៧,៩ ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៦១% ធៀបទៅនឹងឆ្នាំមុន ប៉ុន្តែវានៅតែតិចជាប្រាក់ចំណូលសម្រាប់ត្រីមាសទី ២ ដែលបានកត់ត្រាខ្ពស់បំផុត ដល់ចំនួន ១១,៤ ពាន់លានដុល្លារឯណោះ ។

ជម្រាបជួនផងដែរថា សម្រាប់ប្រាក់ចំណូលពេញមួយឆ្នាំ ២០២២ របស់ក្រុមហ៊ុន Chevron បានហក់ឡើងដល់ ២៤៦,៣ ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៥២% បើធៀបទៅនឹងប្រាក់ចំណូលដែលរកបានក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២១ ៕