ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជារីកចម្រើន ត្រូវគិតលើកត្តា៣យ៉ាង

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ​​​យល់​ឃើញ​ថា​ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជា​រីក​ចម្រើន​​ ឬ​អាច​​ប្រៀប​​​បាន​នឹង​​ប្រទេស​ជិត​ខាង​ដូចជា​​​ ថៃ ឬ​វៀតណាម ​ត្រូវ​តែ​​គិត​លើ​កត្តា​៣​យ៉ាង​គឺ ប្រព័ន្ធធារា​សាស្ត្រ​គ្រប់គ្រាន់ ​​ពូជ​ល្អ​ និង​បច្ចេកវិទ្យា​កសិកម្ម​​​មាន​ភាព​ទំនើប។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​លើក​ឡើង​ថា កម្ពុជា​ជាប្រទេសដែលមានប្រជាជនជាង៧០% ធ្វើកសិកម្ម ប៉ុន្តែក្រោយ​ឆ្នាំ​១៩៧៩ មកដល់បច្ចុប្បន្ន អ្នកដែល​មាន​បាន​ដោយសារ​ធ្វើ​កសិកម្ម គឺ​មាន​តិច​តួច​ណាស់។ តើ​នៅ​កម្ពុជា ឧកញ៉ា​រាប់​ពាន់​នាក់ មាន​ឧកញ៉ា​ប៉ុន្មាន​នាក់​ ដែល​រកស៊ី​មាន​បាន​ដោយសារ​វិស័យ​កសិកម្ម? ​សម្រាប់​លោក​បើ​ឱ្យ​រាប់​លើស​ពី​៣​នាក់ គឺ​រក​នឹក​មិន​ឃើញ​នោះ​ទេ។ អ្នក​ដែល​ធ្វើ​កសិកម្ម​នៅ​កម្ពុជា តិច​ណាស់​ដែល​អាច​ក្លាយ​ជា​អ្នក​មាន​បាន។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​បន្ត​ថា ហេតុអ្វី​ប្រទេស​មួយ​ធ្វើកសិកម្ម មាន​ប្រជាជន​ធ្វើ​កសិកម្ម​ជាង ៧០% មាន​សណ្ឋាន​ដី​ល្អ ​មាន​ប្រជាជន​ជាង ១៧​លាន​នាក់។ បើ​គិត​ជា​មធ្យម ប្រជាជន​កម្ពុជា​​ម្នាក់​មាន​ចំណែក​ដី​ជិត​ ១​ហិកតា ឬ​ក្នុង​២​នាក់ បាន​ដី ១,៥​ហិកតា។ ដី​​ប្រទេស​យើង​ធំ ប៉ុន្តែ​​អំណោយ​ផល​កសិកម្ម​ទៅ​មុខ​ទៅ​ក្រោយ តែ​ហេតុ​ផល​គឺ​មាន​ច្រើន ហើយ​ការ​អនុវត្ត​វិធីសាស្ត្រ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា​យើង ដូច​​មិន​ទាន់​ត្រូវ ​​ដោយសារ​យើង​ធ្វើ​ប្លង់មេ​ធំ​លើស​មាឌ។ ឧទាហរណ៍​ ផែនការ​នាំ​ផលិតផល​ខ្មែរ​ទៅ​លក់​នៅ​បរទេស។ ដើម្បី​លក់​ផលិតផល​ទៅ​ក្រៅ​ប្រទេស​បាន ទាល់​តែ​នៅ​ក្នុងស្រុក​ហូប​គ្រប់គ្រាន់ ដើម្បី​ក្នុង​ស្រុក​ហូប​គ្រប់គ្រាន់ ទាល់​យើង​និយាយ​ពី​ការ​ដាំដុះ ដូច្នេះ​គ្រឹះ​នៃ​កសិកម្ម​កម្ពុជា ត្រូវ​និយាយ​ពី​ប្រភព​នៃ​ការដាំដុះ ប្រភពនៃការដាំដុះ ត្រូវនិយាយ​ពី​ពូជ​នៃ​ការដាំ ពូជនៃការដាំ​ គឺ​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​ជា​ចំណុច​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​យើង។

ទីមួយ រឿង​ស្លាប់​រស់​កសិកម្ម​នៅ​កម្ពុជា​ធំ​បំផុត ​គឺ​ប្រព័ន្ធ​ធារាសាស្ត្រ។ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ គេ​តែង​និយាយ​ថា ទឹក ភ្លើង ផ្លូវ ​ប៉ុន្តែ​ក្នុង​វិស័យ​កសិកម្ម​​ធំ​ជាង​គេ​ គឺ​ទឹក។ ដូច្នេះ​ដើម្បី​​ឱ្យ​កសិកម្ម​កម្ពុជា​ដើរ​ ទាល់តែ​មាន​​ប្រព័ន្ធ​ធារាសាស្ត្រ ​គ្របដណ្តប់​ទូទាំង​ប្រទេស។ នៅ​ប្រទេស​ដែល​កសិកម្ម​ខ្លាំង ដី​គេ​គ្មាន​ទំនេរ​នោះ​ទេ មាន​ន័យ​ថា ផុត​ពី​រដូវ​ធ្វើ​ស្រែ គេដាំដំណាំ ​ផុត​ពី​រដូវ​ដាំដំណាំ គេ​ដាំ​ដើម​ឈើ​អ្វី​ផ្សេងៗ​ទៀត។ នៅ​ប្រទេស​ជិត​ខាង​យើង ត្រឹម​វៀតណាម និង​ថៃ ដីគេ​គឺ​មិន​ទំនេរ​តែ​ម្តង គេ​ធ្វើស្រែ គេដាំផ្កា គេ​ដាំ​ដំណាំ​តាម​រដូវ​របស់​គេ ហេតុផល​គឺ​ដោយសារ​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​គេ​គ្រប់គ្រាន់ គេ​មាន​ទឹក​គ្រប់ពេលវេលា ចំណែក​ឯ​កម្ពុជា​យើង នៅ​កម្រិត​មួយ​ធ្វើស្រែ​ប្រវាស់​មេឃ​ មានន័យ​ថា​ យើង​ធ្វើស្រែ​នៅ​រដូវ​មាន​ទឹក​ភ្លៀង អត់​មាន​ទឹកភ្លៀង​គឺ​ស្រូវ​ងាប់។ ដូច្នេះ​មុន​និយាយ​ថា​នាំ​ផលិតផល​កសិកម្ម​កម្ពុជា ទៅ​លក់​ក្រៅ​ប្រទេស សួរ​ថា​យើង​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ដែល​​ប្រព័ន្ធ​ធារាសាស្ត្រ ជា​ចំណុច​សំខាន់​បំផុត​ប្រៀបដូច​ជា​ការ​បុកគ្រឹះ​ក្នុង​វិស័យ​សំណង់។

ទីពីរ បន្ទាប់ពី​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់​ច្រកល្ហក​ហើយ ​គឺគិត​រឿង​ ពូជ។ ធម្មតា​ ស្រូវ បន្លែ ត្រី សាច់​ សុទ្ធ​តែ​មាន​ពូជ​ទាំង​អស់។ យើង​ត្រូវ​រក​ពូជ​ណា ដែល​មាន​តម្លៃ​លក់​បាន​ថ្លៃ។ យើង​សង្កេត​ឃើញ​ថា ហេតុអ្វី​ត្រី​ខ្លះ មួយគីឡូ ១០​ដុល្លារ រីឯ​ត្រីខ្លះ​មួយ​គីឡូ ៣​ដុល្លារ។ ដូច្នេះ​ក្នុង​វិស័យ​កសិកម្ម បើ​ចង់​ចំណេញ​ យើង​ត្រូវ​ដាំ​ ឬ​ផលិត​របស់​ណា ដែល​លក់​បាន​ថ្លៃ។ ពូជល្អ គឺ​ពូជ​ដែល​ដាំដុះ ហើយ​អាច​លក់​បាន​ថ្លៃ។

ទីបី បន្ទាប់ពី​មាន​ប្រព័ន្ធធារាសាស្ត្រ​ល្អ មានពូជ​ល្អ​ហើយ គឺ​បច្ចេកវិទ្យា ព្រោះ​បើ​ក្រឡេក​មើល​ថៃ ឬ​វៀតណាម គេ​អាច​ហៅមេឃ​ឱ្យ​​ភ្លៀង​មក​បាន​ហើយ គេ​អាច​ធ្វើ​ភ្លៀង​សិប្បនិមិត្ត​បាន។

លោក​ឧកញ៉ា ​បាន​បន្ថែម​​ថា នៅពេល​យើង​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ល្អ មាន​ពូជ​ល្អ បច្ចេកទេស​យើង​ទំនើប នៅ​ពេល​នោះ​យើង​អាច​ផលិត​ក្នុង​ស្រុក ​​ហើយ​យើង​ហូប​របស់​លេខ​១ ដាំ​ដោយ​ខ្លួន​ឯង ហើយ​សល់​បាន​យើង​លក់​ទៅ​​ប្រទេស​ក្រៅ មិនមែន​លក់​របស់​លេខ​១ ទៅ​ឱ្យ​គេ ហើយ​ខ្លួន​ឯង​ហូប​របស់​​អន់ ឬ​របស់​លេខ​២ នោះ​ទេ។ ការ​លក់​ទៅ​ក្រៅ​​ប្រទេស​ គឺ​ងាយ​ទេ បើ​សិន​ជា​យើង​មាន​ផលិត​ផល​​កសិកម្ម​ល្អ ​ព្រោះ​ប្រទេស​ជា​ច្រើន ឬ​ប្រទេស​ជឿន​លឿន​ជា​ច្រើន ​មិន​ធ្វើ​កសិកម្ម​នោះ​ទេ តែ​ពួកគេក៏​ត្រូវការ​​​​​ញ៉ាំ​អាហារ​ជា​​រៀងរាល់​ថ្ងៃ។

សូម​​ជម្រាប​​ជូន​ថា លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ជា​ស្ថាបនិក​បុរី​​ វិមានសំណាង ដែល​ជា​បុរី​លំដាប់​អភិជន​ ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែល​ចំណាយ​ថ្លៃសាងសង់ច្រើនជាង និងប្រណិតជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជនកម្ពុជាស្នាក់នៅ​ប្រចាំថ្ងៃ៕