កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែនត្រូវការអាវុធថ្មីៗ និងចាំបាច់ការដឹកជញ្ជូនវាឲ្យកាន់តែឆាប់ កាន់តែប្រសើរ ដើម្បីត្រៀមទប់ទល់ពីការលុកលុយរបស់រុស្ស៊ី។
“ស្ថានការណ៍បច្ចុប្បន្នគឺពិតជាពិបាកខ្លាំង តួយ៉ាង Bakhmut, Vuhledar និងទីតាំងផ្សេងទៀតនៅតំបន់ Donetsk គឺកំពុងស្ថិតក្រោមការវាយប្រហារពីរុស្ស៊ីច្រើនលើកច្រើនសារ។ ពួកគេមានបំណងចង់ទម្លុះរណាំងការពាររបស់ពួកយើង”។ នេះបើតាមសម្ដីថ្នាក់ដឹកនាំអ៊ុយក្រែនបានលើកឡើង។
“រុស្ស៊ីចង់អូសបន្លាយសង្គ្រាមដើម្បីធ្វើឲ្យកងកម្លាំងរបស់យើងចុះខ្សោយ ដូច្នេះហើយពួកយើងចាំបាច់ត្រូវការសព្វាវុធថ្មីៗបន្ថែម និងកាន់តែឆាប់រហ័ស”។
ដោយឡែក CNA បានរាយការណ៍ថា អ៊ុយក្រែនចាំបាច់ត្រូវការមីស៊ីល ATACMS ដែលផលិតឡើងនៅអាមេរិក និងអាចបាញ់បានរយៈចំងាយ ៣០០ គ.ម ប៉ុន្តែភាគីអាមេរិកបដិសេធសម្រាប់សំណើមួយនេះ។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានបដិសេធក្នុងការបញ្ជូនយន្តហោះចំបាំងទៅកាន់អ៊ុយក្រែន បើទោះជាកន្លងមកពួកគេអនុញ្ញាតផ្គត់ផ្គង់រថក្រោះធន់ធ្ងន់ Leopard 2 ចំនួន ១៤ គ្រឿងហើយក្ដី៕