ចំនួនអ្នកធ្វើទេសចរណ៍នៅទូទាំងប្រទេសចិនគឺ៣០៨លាននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ក្នុងស្រុក៣សែន ៧ម៉ឺន៥ពាន់៨រយ៤៣លានយាន់ប្រាក់ចិន ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺ ៦ពាន់៧រយ៥៨លានយាន់ប្រាក់ចិន ដែលបានកើនឡើង១១,៨៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយចំនួនបុគ្គលិកចេញចូលដែនដែលទទួលការពិនិត្យពីស្ថាប័នគ្រប់គ្រងអន្តោប្រវេសន៍ទូទាំងប្រទេសចិនបានកើនឡើង១២០,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ល។ ទិន្នន័យនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះដែលចិនបានប្រកាសថ្មីបំផុតទាំងនោះបានបង្កើតការចាប់ផ្តើមដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនឈានចូលដំណាក់កាលថ្មី “ប្រទេសចិនដ៏មានភាពរស់រវើក”បានត្រឡប់មកវិញក្នុងពេលឆាប់ៗ ទិន្នន័យដ៏ល្អប្រសើរបានបង្ហាញពីកម្លាំងរស់រវើកនៃការប្រើប្រាស់របស់ចិន ។
ច្រើនឆ្នាំកន្លងទៅនេះ ការប្រើប្រាស់ជាកម្លាំងជំរុញធំទីមួយនៃសេដ្ឋកិច្ចប្រទេសចិន ។ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើនៅចុងឆ្នាំទៅមិញបានលើកឡើងយ៉ាងច្បាស់លាស់ថា នៅឆ្នាំ២០២៣ ត្រូវតម្កល់ទុកការស្តារឡើងវិញនិងពង្រីកការប្រើប្រាស់ជាការងារអាទិភាព ។
ទន្ទឹមនឹងការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនឈានចូលដំណាក់កាលថ្មី តំបន់នានាបានចេញវិធានការជំរុញការប្រើប្រាស់មួយចំនួនដូចជាចែកចាយប័ណ្ណប្រើប្រាស់និងរៀបចំធ្វើ “បុណ្យទំនិញសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មី”ជាដើម ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិនក៏បានចាត់ទុកឆ្នាំ២០២៣ជា “ឆ្នាំជំរុញការប្រើប្រាស់”ផងដែរ ។
កត្តាច្រើនបែបយ៉ាងបានដើរតួនាទីចម្រុះ ដូច្នេះ “សប្តាហ៍មាស”នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះបានបង្ហាញពីតម្លៃរបស់វាម្តងទៀត ហើយពិភពលោកក៏បានចែករំលែកភាគលាភរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ ។
ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិនកាន់តែច្រើនឡើងៗបានចេញទៅបរទេសដើម្បីអបអរសាទរ “បុណ្យចូលឆ្នាំថ្មីចិន” ។ តាមទិន្នន័យនៃស្ថាប័នពាក់ព័ន្ធឱ្យដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំនួនសរុបនៃបញ្ជីទិញសេវាកម្មទេសចរណ៍នៅបរទេសរបស់អ្នកទេសចរចិនបានកើនឡើង៦៤០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានលើកឡើងថា ការមកដល់នៃអ្នកទេសចរចិនចំនួនរាប់លាននាក់នឹងជំរុញឱ្យមុខរបរសណ្ឋាគារ ទេសចរណ៍និងពាណិជ្ជកម្មទូទាំងពិភពលោកងើបឡើងវិញដោយនឹងនរ ។
ក្នុងនាមជាបង្អួចមួយសម្រាប់សង្កេតមើលទីផ្សារប្រើប្រាស់របស់ចិន ការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានភាពកក់ក្តៅ ការនេះបាននាំមកនូវការចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់ជំរុញសេដ្ឋកិច្ចពេញមួយឆ្នាំ ក៏ដូចជាបានបញ្ជាក់ម្តងទៀតថា លក្ខណៈពិសេសនៃទីផ្សារប្រើប្រាស់របស់ចិនដែលមានភាពធន់យ៉ាងខ្លាំងនិងសក្តានុពលដ៏គ្រប់គ្រាន់គឺមិនបានកែប្រែទេ ។
និយាយចំពោះសេដ្ឋកិច្ចពិភពលោក នេះជាដំណឹងល្អ ។ អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ព្យាករណ៍កាលពីថ្ងៃទី២៥ខែមករាថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣នឹងធ្លាក់ចុះពីប្រហែល៣ភាគរយនៅឆ្នាំ២០២២ដល់១,៩ភាគរយ រីឯកំណើនសេដ្ឋកិច្ចចិននឹងឡើងដល់៤,៨ភាគរយ ។ វេបសាយកាសែត Financial Times របស់អង់គ្លេសបានចុះផ្សាយអត្ថបទនៅពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីប្រទេសចិនបានកែសម្រួលវិធានការបង្ការជំងឺកូវីដ១៩ អ្នកប្រើប្រាស់ទាំងឡាយបាននាំគ្នាទៅចំណាយលុយ ការប៉ាន់ប្រមាណចំពោះតម្រូវការដែលស្តុកទុកជាយូរណាស់មកហើយ នឹងក្លាយជា“ក្តីសង្ឃឹមនៃការស្តារសេដ្ឋកិច្ចសកលឡើងវិញ” ។
បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិនៅតែមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ មូលដ្ឋាននៃការស្តារសេដ្ឋកិច្ចចិនឡើងវិញមិនសូវរឹងមាំទេ ប៉ុន្តែប្រជាជនចិនមានជំនឿចិត្តនិងសមត្ថភាពជំរុញឱ្យសេដ្ឋកិច្ចចិនឆ្នាំ២០២៣បន្តងើបឡើងវិញ ។ ការចាប់ផ្តើមដ៏ល្អប្រសើរនៃការប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាទីចាប់ផ្តើមដ៏ល្អមួយ ហើយក៏បាននាំមកនូវកម្លាំងជំរុញដល់សេដ្ឋកិច្ចពិភពលោកដែលបាននិងកំពុងរងភាពលំបាកផងដែរ ៕