ការបរិភោគសាច់ក្រពើត្រូវបានគេមើលឃើញថាហាក់មានការពេញនិយមពីប្រជាពលរដ្ឋ តាមរយៈការដាក់លក់ជាហូរហែរនៅតាមបណ្តោយផ្លូវពីរង្វង់មូលគួស្រូវឆ្ពោះទៅក្រុងតាខ្មៅ ដោយសាច់ក្រពើស្រស់មួយគីឡូថ្លៃ១ម៉ឺនរៀលនិងសាច់ក្រពើងៀតថ្លៃ២ម៉ឺនទៅ៣ម៉ឺនរៀលផ្អែកទៅលើទីផ្សារជាក់ស្តែង។ ស្របពេលសាច់ក្រពើកំពុងដាក់លក់ជាហូរហែតាមដងផ្លូវនេះ ត្រូវបានអ្នកធ្លាប់ចិញ្ចឹមក្រពើអស់រយៈពេល៣០ឆ្នាំមា្នក់បានបង្ហាញទស្សនៈថា ម្ចាស់កសិកដ្ឋានលក់ក្រពើក្នុងតម្លៃទាបនេះគឺដើម្បីបញ្ចប់មុខរបរចិញ្ចឹមក្រពើរបស់ខ្លួន(ក្ស័យធុន) ចៀសវាងខ្លាចខាតបង់ប្រាក់ច្រើនបើសិននៅបន្តចិញ្ចឹមក្រពើទៀត។
លោក កាំង សារិន ជាអ្នកធ្លាប់ចិញ្ចឹមក្រពើអស់រយៈពេល៣០ឆ្នាំនៅក្រុងភ្នំពេញ បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកមានការនិយមបរិភោគសាច់ក្រពើឃើញថាមានការកើនឡើងនាពេលសព្វថ្ងៃនេះ។ តែសាច់ក្រពើមួយគីឡូក្រាមថ្លៃតែ១ម៉ឺនរៀលនេះ លក់ខាតច្រើនណាស់។ ម្ចាស់កសិដ្ឋានលក់ក្រពើនេះដើម្បីបញ្ចប់ការចិញ្ចឹមក្រពើរបស់ខ្លួនហើយបើទុកយូរឆ្នាំថែមទៀតវារឹតតែខាតបង់ច្រើន ព្រោះអ្នកចិញ្ចឹមក្រពើសំខាន់បានកូនក្រពើលក់និងនាំចេញទៅវៀតណាម។
បើតាមលោក កាំង សារិន ទីផ្សារក្រពើនៅកម្ពុជានៅមុនមិនទាន់មានការផ្ទុះជំងឺកូវីដ១៩ តម្លៃមានការធ្លាក់ចុះសន្សឹមៗ លុះបញ្ហាជំងឺកូវីដ១៩រីករាលដាលនៅគ្រប់ប្រទេសរឹតតែធ្វើឱ្យលំបាកក្នុងការនាំចេញទៅចិននិងវៀតណាម។
លោកបញ្ជាក់ថា«កាលពីមុនមេក្រពើមួយក្បាលមានទម្ងន់៤០គីឡូអាចលក់បានថ្លៃ២០០ទៅ៣០០ដុល្លារអាមេរិកហើយសាច់ក្រពើថ្លៃពី១៥ទៅ២០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម តែមកដល់សព្វថ្ងៃនេះមេក្រពើមួយក្បាលលក់បានថ្លៃតែ២០ដុល្លារអាមេរិក ហើយសាច់លក់បានថ្លៃត្រឹមតែ១ម៉ឺនរៀលនេះ សុទ្ធតែជាអ្នកក្ស័យធុនទើបលក់ក្រពើចោលព្រោះវាគ្មានជម្រើស»។
តាមលោក កាំង សារិន សត្វក្រពើត្រូវការចិញ្ចឹមរយៈពេល៣ឆ្នាំទើបបានសាច់១៦គីឡូក្រាម ហើយនោះលោកមិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេទៅលើការលក់សាច់ សំខាន់គឺលោកចិញ្ចឹមក្រពើយកស្បែកលក់ព្រោះស្បែកក្រពើមួយតឹកថ្លៃបានរហូតដល់៣០ដុល្លារអាមេរិក។
លោកលើកឡើងថា ចិញ្ចឹមកូនក្រពើ១ម៉ឺនកូន ត្រូវការចំណាយលុយទិញចំណីអស់ប្រាក់៥ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នំា ហើយកាលនោះកូនក្រពើមួយក្បាលអាចលក់បានតែជាង១ដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះក្នុងមួយឆ្នំាៗយើងបានខាតបង់ប្រាក់៥ម៉ឺនដុល្លារអាមេរិកជារៀងរាល់ឆ្នំា៕ អត្ថបទ៖សារេត