ក្រសួងប្រៃសណីយ៍ គ្រោងស្នើសុំរដ្ឋាភិបាលសាកល្បងដំណើរសេវា 5G នាពេលអនាគត នៅបុរីប៉េងហួត មុនគេ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពេលដែលលោកចុះពិនិត្យវឌ្ឍភាពគុណភាពសេវាទូរស័ព្ទ នៅបុរីប៉េងហួត បឹងស្នោរ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ក្រសួងមានបំណងគ្រោងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា 5G នាពេលអនាគតនៅបុរីប៉េងហួតមុនគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចំពោះមុខប្រជាពលរដ្ឋអ្នករស់នៅបុរី ប៉េងហួត លោក ជា វ៉ាន់ដេត លើកឡើងថា តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់  និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីមានភាពល្អប្រសើរជាងមុន  ៧០% បន្ទាប់ពីក្រុមការងារបានសាងសង់បង្គោលអង់តែនរួម បន្ថែមចំនួន ១២បង្គោល ដែលបង្គោលអង់តែនរួមនីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិកររហូតដល់៣ក្រុមហ៊ុន។

លោកបន្តថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

លើសពីនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលបំណងស្នើទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា  5G នាពេលអនាគត នៅបុរីប៉េងហួតមុនគេ និងស្នើឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើបានទាំង  4G និង  5G ឱ្យបានកាន់តែច្រើន  ព្រោះបច្ចុប្បន្ន មានត្រឹមប្រមាណ៤០ម៉ឺនគ្រឿងប៉ុណ្ណោះ។

សូមជម្រាបថា តាមរយ:បទពិសោធនៃការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោនេះ  ក្រសួងនឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤  ក្នុងរាជធានីភ្នំពេញបន្ថែមទៀតដំណាលគ្នាដោយចាប់ផ្ដើមពីខណ្ឌដូនពេញមុនគេ។

បើតាមលោក ជា វ៉ាន់ដេត ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ ក្រសួង បានដាក់ឱ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ក្នុងន័យនេះ ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។

បន្ថែមពីនោះ ក្រសួង បានចាត់តាំងក្រុមការងារចំនួន៨ ក្នុងការពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ ម៉្យាងទៀត ក៏បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test) សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែមផងដែរ៕