ថៃប្រកាសថាស្ពានមិត្តភាពថៃ-ឡាវថ្មី តម្លៃជិត ១១០ លានដុល្លារ នឹងបើកដំណើរការឆ្នាំក្រោយ

អន្តរជាតិ

បើតាមរដ្ឋាភិបាលរបស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃទី ២៨ ខែមករាកន្លងទៅនេះថា ស្ពានមិត្តភាពថៃ-ឡាវ ទី ៥ គ្រោងនឹងបើកដំណើរការ នៅដើមឆ្នាំក្រោយ ដោយរំពឹងទុកថាស្ពានមួយនេះ អាចនឹងជួយជំរុញដល់ពាណិជ្ជកម្ម មិនត្រឹមតែសម្រាប់ថៃ និងឡាវប៉ុណ្ណោះទេ តែនៅក្នុងមហាអនុតំបន់មេគង្គ (GMS) ទាំងមូលផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ស្ពានដែលតភ្ជាប់ពីខេត្ត Bueng Kan ភាគឦសានរបស់ប្រទេសថៃ និងខេត្ត Bolikhmasay របស់ប្រទេសឡាវមួយនេះ គឺមានតម្លៃសាងសង់ប្រមាណ ៣,៦ ពាន់លានបាត (ជិត ១១០ លានដុល្លារ) ដែលក្នុងនោះ ២,៥ ពាន់លានបាត ជាការចំណាយដោយប្រទេសថៃ និងនៅសេសសល់ប៉ុន្មានទៀត នឹងត្រូវចំណាយដោយឡាវ ។

លើសពីនេះ យោងតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បានអះអាងថា ស្ពាននេះសម្រេចការសាងសង់បានប្រមាណ ៦០%​ ហើយ ពោលគឺលឿនជាងការគ្រោងទុកទៅទៀត។ ហើយគម្រោងស្ពាននេះ ត្រូវបានគេរំពឹងថានឹងបើកដាក់ឱ្យ​ចរាចរ​ជាផ្លូវការ នៅដើមឆ្នាំក្រោយនេះ ។

លោកស្រី Tipanan បាននិយាយទៀតថា ស្ពាននេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូន ពីប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម ដោយឆ្លងកាត់តាមរយ:ប្រទេសឡាវ និងមានចម្ងាយផ្លូវត្រឹម ១៥០ គីឡូម៉ែត្រប៉ុណ្ណោះ ហើយវានឹងក្លាយជាផ្លូវដឹកជញ្ជូនទំនិញជិតបំផុត ពីប្រទេសថៃ ទៅកាន់វៀតណាម ។

ជម្រាបជូនឱ្យដឹងផងដែរថា កន្លងមកថៃ និងឡាវ បានសម្រេចការសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេមេគង្គចំនួន ៤ រួចមកហើយ ដោយក្នុងនោះរួមមាន ស្ពានណងខៃ-វៀងចន្ទន៍ ស្ពានមុកដាណាន-សុវណ្ណាកេត ស្ពានណាខុនផាណម-ខេមអាន និងស្ពានឈៀងខុង-ហួយសៃ ៕