ក្នុងឆ្នាំ ២០២២ ការលក់ស្មាតហ្វូនរបស់ចិន ធ្លាក់ចុះទាបបំផុតមិនធ្លាប់មានរយ:ពេល ១០ ឆ្នាំចុងក្រោយ

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ប្រទេសចិន បានធ្លាក់ចុះដល់ ១៣% នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ដែលជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងទៀតថា ស្មាតហ្វូនដែលត្រូវបានលក់ចេញ មានចំនួនត្រឹម ២៨៦ លានគ្រឿងប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២២ ដែលធ្លាក់ចុះពីចំនួន ៣២៩ លានគ្រឿង នៅក្នុងឆ្នាំ ២០២១ ។

លើសពីនេះ IDC បាននិយាយនៅក្នុងរបាយការណ៍មួយរបស់ខ្លួនថា បរិមាណលក់ស្មានហ្វូនសរុបរបស់ចិន កាលពី​ឆ្នាំមុន គឺជាកម្រិតលក់ទាបបំផុត ចាប់តាំងពីឆ្នាំ ២០១៣ មក ដោយសារតែអ្នកប្រើប្រាស់ មិនសូវជាហ៊ានចំណាយច្រើនទៅលើការទិញស្មាតហ្វូនថ្មីៗ ព្រោះការរីករាលដាលនៃកូវីដ-១៩។ ហើយនេះក៏ជាលើកទីមួយផងដែរ ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយ ដែលការលក់ស្មានហ្វូនប្រចាំឆ្នាំរបស់ចិន បានធ្លាក់ចុះដល់ក្រោម ៣០០ លានគ្រឿង ។

គួរឱ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូន Vivo ដែលជាប្រែនលក់ដាច់បំផុត នៅក្នុងប្រទេសចិន នៅក្នុងឆ្នាំនេះ ដោយមានចំណែកទីផ្សាររហូតដល់ ១៨,៦% នោះ ប៉ុន្តែការនាំចេញរបស់ពួកគេ បានធ្លាក់ចុះ ២៥,១% ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Honor ដែលជាប់ចំណាត់ថ្នាក់ជាប្រែនលក់ដាច់ជាងគេទី ២ មានការនាំចេញ កើនឡើងជាង ២៤% ។

ទន្ទឹមនេះ ក្រុមហ៊ុន Apple ដែលលក់ដាច់បំផុតទីបីនៅប្រទេសចិន ក្នុងឆ្នាំ ២០២២ រួមជាមួយក្រុមហ៊ុន Oppo នោះ ការលក់សរុបរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ បានធ្លាក់ចុះ ៤,៤% ខណ:ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ការធ្លាក់ចុះនេះ គឺបណ្តាលមកពីភាពចលាចលរបស់កម្មករនៅក្នុងរោងចក្រផ្គត់ផ្គង់ Foxconn អំឡុងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

ជម្រាបជូនផងដែរថា ការធ្លាក់ចុះខ្លាំង នៃការលក់ស្មាតហ្វូន នៅប្រទេសចិន បានឆ្លុះបញ្ចាំងពីដំណើររបស់វិស័យនេះ នៅទូទាំងពិភពលោក ខណ:ក្នុងឆ្នាំ ២០២២ ទាំងមូល ការនាំចេញស្មាតហ្វូនទូទាំងពិភពលោក មានចំនួន ១,២ ពាន់លានគ្រឿង ដែលជាចំនួនទាបបំផុត ចាប់តាំងពីឆ្នាំ ២០១៣ មក និងមានការធ្លាក់ចុះច្រើនជាង ១១% ធៀបទៅនឹងឆ្នាំ ២០២១ ៕