ដូងក្រអូបពេជ្រនិល ផ្ទុះការកម៉្មង់ទិញពីអតិថិជន រហូតផ្គត់ផ្គង់ឱ្យផ្សារឡាក់គី ១០កន្លែងនៅភ្នំពេញ

អាជីវកម្ម

ដូងក្រអូប ជាផ្លែឈើមួយប្រភេទដែលជំនួយដល់សុខភាពរាងកាយឱ្យមានភាពមាំមួន។ បច្ចុប្បន្ន ប្រភេទ​ផ្លែឈើនេះ កំពុងមានការកម៉្មង់ទិញពីអតិថិជនយ៉ាងច្រើន ​​ហើយ​មាន​ចម្ការ​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ ​​អាច​ផ្គត់​ផ្គង់​​ដល់​ផ្សារ​ទំនើប​ឡាក់គី រហូត​ដល់​ ១០​កន្លែង​នៅ​រាជធានីភ្នំពេញ។ នេះបើតាមម្ចាស់ចម្ការ​ ថ្លែងប្រាប់ ឧកញ៉ា ញូស៍ នៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី បែន អង្គាវត្តី ម្ចាស់ចំការតារ៉ុង បង្ហើបត្រួសៗថា ផ្សារឡាក់គីចំនួន ១០សាខា ដែលលោកស្រី​ផ្គត់ផ្គង់​ឱ្យ​នៅរាជធានី​ភ្នំពេញរួមមាន នៅកប់ស្រូវ កួរស្រូវ ព្រែកអាញ ព្រែកព្នៅ និរោធ ឈូកវ៉ា ពោធិ៍ចិនតុង បែកចាន បុរី​ពិភពថ្មី១ ផ្លូវជាតិលេខ៣ និងម៉ាតផ្សារបាយ័ន ហើយបច្ចុប្បន្ននេះ មានការ​នាំទៅខេត្តព្រះសីហនុ និងមាន​ការ​កម៉្មង់តាមអនឡាញ តាមបណ្ដាខេត្តនានា​ទៀត។

លោកស្រីបន្តទៀតថា ស្វាមីលោកស្រីប្រកបរបរដាំដុះ​ដូង​ក្រអូប​នេះ​ ប្រមាណជា ១០ឆ្នាំជាង​មក​ហើយ​ ​ដែល​ពីមុន​​មិនមានការចែកចាយបែបនេះទេ ប៉ុន្តែលោកស្រីទើបបើកលក់បោះដុំលក់រាយជិត១ឆ្នាំនេះ ដោយផ្ដើមចេញ​ពីគំនិតគិតពីសុខភាពប្រជាពលរដ្ឋជាធំ។ ក្នុង​នោះ​លោក​ស្រី​ បាន​លក់​ផលិត​ផល​របស់ខ្លួន ដោយសាកល្បង​លក់ផ្លែត្របែក និងធ្វើជាទឹក​ត្របែកលក់ និង​ធ្វើទៅតាមតម្រូវការរបស់អតិថិជន ហើយបន្តលក់ចេញផលិតផល​ផ្សេងៗ ដែលសុទ្ធតែ​ចេញ​ពីចម្ការលោកស្រីមានដូចជា ដូងក្រអូបជាផ្លែ ជាដប ល្ហុង ខ្នុរ ស្វាយកែវរមៀត បន្លែ និងចាហ៊ួយដូងក្រអូប​ជាដើម។

បន្ថែមទៀតនោះ លោកស្រីបន្តថា នៅក្នុងចំការត្របែកមាន២ប្រភេទ ទី១ គីមជូ (សាច់ស) លក់ចេញក្នុងតម្លៃ ៨០០០រៀល/១គីឡូក្រាម និងទី២ រូប៊ី (សាច់ក្រហម) លក់ចេញតម្លៃ ១២០០០រៀល/១គីឡូក្រាម ចំណែកដូងក្រអូបវិញ តម្លៃ៤០០០រៀល/១ផ្លែ ចាហួយដូងក្រអូបមាន ២ប្រភេទគឺ ចាហួយដាក់ក្នុងដូង ១ផ្លែ តម្លៃ ៨០០០រៀល និងចាហួយកែវ ៣៥០០រៀល។

ទោះជាមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងនេះក្ដី លោកស្រីក៏ជួបការលំបាកខ្លះៗដែរដូចជា បញ្ហាដំណាំខូច បញ្ហាពិបាករកទីផ្សារឱ្យទូលំទូលាយ។ លោកស្រីក៏បានបន្តទៀតថា ក្នុងនាមជាអ្នកធ្វើកសិកម្មត្រូវចេះ​រកទីផ្សារ​ដោយខ្លួនឯង បើមិនដូច្នោះទេ ប្រាកដជាយ៉ាប់ហើយ។ ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ដល់អតិថិជន ដែលជួយជាវទិញផលិតផលកន្លងមក និងសំណូមពរដល់ប្រជាពលរដ្ឋ​ជួយគាំទ្រផលិត​ផល​ខ្មែរ​ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យទីផ្សារខ្មែរឱ្យទូលំទូលាយទៅថ្ងៃអនាគត ហើយបងប្អូនប្រជាពលរដ្ឋ​មាន​សុខភាពល្អផងដែរ។

សូម​បញ្ជាក់​ថា ផ្លែដូងក្រអូបរបស់លោកស្រី បែន អង្គាវត្តី ស្ថិត​នៅ​តំបន់​ពេជ្រនិល ​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ផ្ទុះការទិញច្រើនពីអតិថិជនផង និង​ផ្គត់ផ្គង់តាម​ផ្សារ​ទំនើប​ឡាក់គី​ផង ហើយ​មុននឹងនាំ​ចេញ​ទៅ​លក់​គឺមាន​ការ​ត្រួតពិនិត្យ​យ៉ាងត្រឹមត្រូវ និងជឿទុកចិត្តពីម្ចាស់ហាងឡាក់គី គឺដោយសារ​ផលិតផល​ធម្មជាតិសុទ្ធ១០០% មាន​រសជាតិឆ្ងាញ់ យកចេញតែពីចម្ការខ្លួនឯងផ្ទាល់ ដែលមានស្វាមីលោកស្រី​ជាអ្នកដាំ និងថែទាំផ្ទាល់៕