កម្រមានអ្នកដឹង! កសិដ្ឋានចិញ្ចឹមរុយមួយកន្លែងនៅភ្នំពេញ រកចំណូលបានដល់ ៣ពាន់ដុល្លារក្នុងមួយខែ

អាជីវកម្ម

ជាទូទៅ​នៅក្នុងប្រទេសកម្ពុជា យើងធ្លាប់តែឃើញមាន​ជា​ញឹកញាប់​ នូវ​កសិដ្ឋានចិញ្ចឹមមាន់ ទា ជ្រូក គោ ត្រី កង្កែប និងពពែ ជាដើម ប៉ុន្តែ​​​តាម​ពិត​​ក៏​​​មាន​កសិដ្ឋានចិញ្ចឹមរុយ ​ផង​ដែរ ដែល​ពុំ​សូវ​មាន​អ្នក​ដឹង​នោះ​ទេ។ ជាក់​ស្តែង នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​កសិដ្ឋាន​ចិញ្ចឹម​រុយ​មួយ​កន្លែង ​​បាន​បើក​អស់​រយៈពេល ៥​ឆ្នាំ​មក​ហើយ និង​អាច​រក​ចំណូល​បាន​ចាប់ពី ១ពាន់ដល់៣ពាន់ដុល្លារ​ក្នុង​មួយខែ។ តើ​​​ការ​ចិញ្ចឹម​សត្វ​រុយ​ មាន​ប្រយោជន៍​អ្វីខ្លះ? ​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សៅ សែនសំណាង មាន អាយុ ៣៥ឆ្នាំស្ថិតនៅរាជធានីភ្នំពេញ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF Farm ផ្ទាល់បានរៀបរាប់ថា លោកបានបើកកសិដ្ឋានចិញ្ចឹមរុយនេះរយៈពេល ៥ឆ្នាំហើយ គឺចាប់តាំងពីឆ្នាំ ២០១៨ មកម៉្លេះ។

ក្នុងការបើកកសិដ្ឋាននេះឡើង លោកមើលឃើញថាការចិញ្ចឹមរុយខ្មៅនេះ គឺមាននៅតាមប្រទេសផ្សេងៗ​ដូច​ជាប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ ដោយឡែកនៅកម្ពុជាពុំទាន់មាននោះទេ ហេតុនេះលោកក៏បានស្វែងរក​ពូជរុយខ្មៅធម្មជាតិនៅក្នុងប្រទេសកម្ពុជា និងបានពូជច្រើនទៀតពីវៀតណាម ហើយលោកក៏បានសិក្សាបន្ថែម​តាមប្រព័ន្ធអនឡាញពីប្រទេសម៉ាឡេស៊ី និងទៅរៀនបន្ថែមនៅវៀតណាម។

លោកបានបន្តថា ភាគច្រើនយើង​ចិញ្ចឹមរុយខ្មៅ គឺដើម្បីភ្ញាស់យកពងប្រូតេអ៊ីន យកវាទៅធ្វើមេចំណីដោយ​លាយ​ពងរុយប្រូតេអ៊ីនជាមួយគ្រាប់ធញ្ញជាតិផ្សេងៗធ្វើជាចំណី​សត្វ​ ដើម្បីបង្កើតសារធាតុចិញ្ចឹមដល់សត្វ។ សារ​ប្រយោជន៍​វា គឺមានច្រើនទៀត ដោយគេអាចធ្វើជាម្សៅប្រូតេអ៊ីន គេយកវាធ្វើជាសំបកឱសថ ឬ​ធ្វើជាចំណីរបស់​សត្វ​ត្រជៀកកាំ​ផងដែរ។

លោក សៅ សែនសំណាង បានបង្ហើបខ្លះៗនៃដំណើរការចិញ្ចឹមរុយផងដែរថា ដំបូងត្រូវទិញពងរុយ បន្ទាប់​មក​​ចាប់​ផ្ដើមភ្ញាស់ជាមួយចំណីកូនមាន់ នៅពេលវាញាស់បានល្អ និងដល់ពេលវាស៊ីចំណីថ្មី យើងត្រូវត្រៀម​ចំណីថ្មី​ដែលមានដូចជាកាកសំណល់ផ្សេងៗ ដូចជាកាកស្រាបៀរ កាកសណ្ដែកសៀង កាកសំណល់ផ្ទះបាយ កាក​សំណល់​បន្លែផ្លែឈើ លាមកមាន់ ទា ជ្រូក ជាដើម។ នៅពេលដែលចិញ្ចឹមបាន១៥ថ្ងៃ គឺអាចប្រមូលផលបាន ហើយក្នុងរយៈពេល ៣សប្ដាហ៍ វានឹងប្រែជាពណ៌ត្នោតឬពណ៌ខ្មៅហៅថាជាមេពូជត្រៀមញាស់ក្លាយជារុយ ហើយ ៤សប្ដាហ៍​ក្រោយមក វានឹងញាស់ក្លាយជារុយ។ ទោះយ៉ាងណាក៏លោក​សូម​លើក​ទឹកចិត្ត​​ដល់កសិករ​ត្រូវ​រៀនសិន មុននឹងចាប់ផ្ដើមចិញ្ចឹម។

យ៉ាងណាមិញ លោក សៅ សែនសំណាង យល់ឃើញថា ទៅថ្ងៃខាងមុខ​បើមានវិនិយោគគិនណាមួយ ចាប់​អារម្មណ៍​លើវិស័យនេះ ដូចនៅស្រុកគេ ហើយអាចបង្កើតរោងចក្រផលិតចំណីសត្វ​លក់ចែកជូនប្រជាកសិករ​ក្នុង​ស្រុកបាន​តម្លៃធូរថ្លៃគឺរឹតតែល្អ ព្រោះសព្វ​ថ្ងៃប្រជាកសិករមានបញ្ហារឿងចំណីសត្វឡើងថ្លៃ ដូច្នេះ​បើយើងអាច​ផលិត​ចំណី​សត្វពីពងរុយ​ប្រូតេអ៊ីននេះបាន វាមានគុណភាពល្អ​ ហើយ​ថែមទាំងធូរថ្លៃ​ថែមទៀត។

គួរបញ្ជាក់ដែរថា កសិដ្ឋាន របស់លោក សៅ សែនសំណាង ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក​បាន​បញ្ជាក់ថា ពីមុនលោករកចំណូលបានចន្លោះពី១០០០ដុល្លារ​ ដល់ ៣០០០ដុល្លារ​ក្នុង​មួយ​ខែ ហើយលក់តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ ​ជាទូទៅលោកយកចេញទៅលក់ធ្វើជាចំណីសត្វត្រចៀកកម្មនៅខេត្តកោះកុង តែពេល​បច្ចុប្បន្ន លោក​គ្រាន់តែលក់ពូជ ហើយបង្រៀនបន្តដល់សិស្ស និងចិញ្ចឹម សម្រាប់ជាចំណីមាន់ ទា ត្រី របស់លោក​តែប៉ុណ្ណោះ៕