មួយរយៈកាលចុងក្រោយនេះ មហាសេដ្ឋីមានបំផុតនៅអាស៊ី Gautam Adani ហាក់មិនសូវកាក់កបប៉ុន្មាន ពោលទ្រព្យសម្បត្តិរបស់លោកបានបន្តធ្លាក់ចុះរាប់សិបពាន់លានដុល្លារ ក្នុងរយៈពេលយ៉ាងខ្លី។
ទាក់ទងនឹងការរបូតលុយដ៏សំបើមនេះ គឺបណ្ដាលមកពីក្រុមហ៊ុន Hindenburg Research បញ្ចេញរបាយការណ៍មួយ ចោទក្រុមហ៊ុនអ្នកមានបំផុតនៅឥណ្ឌា ទាក់ទងនឹងការបន្លំស្ថិតិផ្សារហ៊ុន ដែលពួកគេអះអាងថាបានស៊ើបអង្កេតលើ Adani Group អស់រយៈពេល ២ ឆ្នាំ ហើយក្រោយបញ្ចេញរបាយការណ៍មួយនោះ ក្រុមហ៊ុនធំបំផុតមួយនៅឥណ្ឌានេះ ខាតបង់ទ្រព្យសម្បត្តិប្រមាណ ៧០ ពាន់លានដុល្លារ ប៉ុន្តែ Adani Group ច្រានចោលការចោទប្រកាន់ខាងលើ។
ជាលទ្ធផល គិតត្រឹមចុងខែមករានេះ ទ្រព្យសម្បត្តិរបស់ Gautam Adani បានធ្លាក់មកសល់ប្រមាណ ៨៤,៤ ពាន់លានដុល្លារ និងបានធ្វើឲ្យស្ដេចត្រាញ់ឥណ្ឌាម្នាក់នេះ បាត់ឈ្មោះពីបញ្ជីអ្នកមានបំផុតលើលោកទាំង ១០ រូបថែមទៀត។ នេះបើតាមការចុះផ្សាយពី Bloomberg Billionaires Index។
សូមជម្រាបដែរថា បច្ចុប្បន្នអ្នកមានដាច់គេនៅអាស៊ី កំពុងឈរនៅលេខរៀងទី ១១ នៃបញ្ជីមហាសេដ្ឋីមានបំផុតលើលោក រៀបរៀងដោយគេហទំព័រ Bloomberg Billionaries Index៕