រដ្ឋាភិបាលកម្ពុជាក្នុងពេលតែមួយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ បានចេញអនុក្រឹត្យជាបន្តបន្ទាប់សម្រេចបង្កើតក្រុងថ្មីចំនួនបីបន្ថែមទៀត និងពង្រីកស្រុកថ្មីពីរបន្ថែម គឺក្រុងក្រុងអរិយក្សត្រ និងសំពៅពូន ស្ថិតក្នុងខេត្តកណ្ដាល រីឯក្រុងឧដុង្គម៉ែជ័យស្ថិតក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ ខណៈស្រុកឧដុង្គក៏ត្រូវបានពង្រីកស្រុកមួយបន្ថែមទៀតដែរគឺស្រុកសាមគ្គីមុនីជ័យ។ ជាមួយគ្នានេះ ស្រុកថ្មីមួយទៀតក៏ត្រូវបានបង្កើតនៅខេត្តក្រចេះឈ្មោះថា ស្រុកអូរគ្រៀងសែនជ័យ ។
ជុំវិញការបង្កើតក្រុង/ស្រុកថ្មីចំនួន ៤នេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមើលឃើញថា ការបង្កើតក្រុងថ្មីជាសញ្ញាវិជ្ជមានដែលនឹងចូលរួមពង្រីកសក្តានុពលវិស័យអចលនទ្រព្យនៅតំបន់នោះឲ្យមានការរីកចម្រើនឡើងបន្ថែមទៀត។
ប្រសាសន៍ឧកញ៉ា សំ សុខនឿន៖
សូមជម្រាបជូនថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានរាជធានី-ខេត្ត ចំនួន២៥, ក្រុងចំនួន២៧, ស្រុកចំនួន១៦២, ខណ្ឌចំនួន១៤, ឃុំចំនួន១,៤០៥, សង្កាត់ចំនួន២៤១ និងភូមិចំនួន១៤,៣៩៤។
ទន្ទឹងនឹងនេះដែរ អ្នកជំនាញអចលនទ្រព្យ ឧកញ៉ា សំ សុខនឿន បានបង្ហាញការយល់ឃើញថា នៅឆ្នាំ២០២៣ វិស័យអចលនទ្រព្យកម្ពុជានឹងជួបការលំបាកជាងឆ្នាំ ២០២២ បើទោះបីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន អាចនឹងមានភាពធូរស្រាលជាងឆ្នាំ ២០២២ ក៏ដោយ។ ទោះយ៉ាងណា លោកឧកញ៉ាគិតថា រដ្ឋាភិបាលកំពុងដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាច្រើនដើម្បីទាក់ទាញវិនិយោគិនបរទេស និងទេសចរឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ នៅពេលសេដ្ឋកិច្ចក្នុងប្រទេសមានដំណើរការល្អ វានឹងជួយឱ្យទីផ្សារអចលនទ្រព្យមានចលនាឡើងវិញទៅតាមនោះដែរ។
ឧកញ៉ា សំ សុខនឿន បានលើកឡើងគូសបញ្ជាក់ថា តាមពិតទៅវិស័យអចលនទ្រព្យកម្ពុជាបានទទួលរងផលប៉ះពាល់តាំងពីមុនវត្តមានរបស់ជំងឺកូវីដ ១៩ ទៅទៀត គឺនៅក្នុងឆ្នាំ ២០១៩ នៅពេលដែលរាជរដ្ឋាភិបាលសម្រេចលុបបំបាត់ Game Online ពីទឹកដីរបស់កម្ពុជា ដែលធ្វើឱ្យវិនិយោគិនបរទេសលើទីផ្សារល្បែងអនឡាញ ភាគច្រើនជាវិនិយោគិនចិន និងមានទីតាំងក្នុងខេត្តព្រះសីហនុ នាំគ្នាចាកចេញពីកម្ពុជា ដែលធ្វើឱ្យសកម្មភាពទិញ-លក់-ជួល និងគម្រោងសាងសង់ជាច្រើនត្រូវគាំងមកដល់ពេលនេះ។
បន្ថែមលើនេះវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ នាចុងឆ្នាំ ២០១៩ ក៏បានបន្ថែមទម្ងន់មួយកម្រិតទៅទៀតដល់ទីផ្សារអចលនទ្រព្យកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល តាមរយៈការដាក់ចេញនូវវិធានការបិទខ្ទប់របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ និងការលុបចោលជើងហោះហើរ ដែលធ្វើឱ្យចរន្តធ្វើដំណើររបស់ភ្ញៀវ និងវិនិយោគិនអន្តរជាតិធ្លាក់ចុះដល់សូន្យ។
ក្នុងឆ្នាំ២០២៣ វិស័យសំណង់នឹងស្ទុះឡើងត្រឹមកម្រិតរង្វង់១,១ ខណៈវិស័យអចលនទ្រព្យនឹងកើនឡើងក្នុងរង្វង់១,២។ សន្ទុះនៃភាពយឺតយ៉ាវរបស់វិស័យទាំងពីរនេះដោយសារតែកម្សោយនៃលំហូរវិនិយោគទុនពីបរទេស។ នេះបើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចដែលដឹកនាំវេទិកាសាធារណៈនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
សូមជម្រាបជូនផងដែរថា ក្នុងឆ្នាំ២០២៣រដ្ឋាភិបាលកម្ពុជាចំណាយថវិកាសរុបជិត១០ពាន់លានដុល្លារ។ក្នុងនោះ៧២០០លានដុល្លារជាចំណូលក្នុងស្រុក ៦០០លានដុល្លារជាប្រាក់សន្សំ និង១៨០០លានដុល្លារជាកម្ចីបរទេស៕