ក្រោយជាប់ឆ្នោតជាប្រធានាធិបតីឆេកថ្មី អតីតមេធំ NATO លោក Petr Pavel បានប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ និងគាំទ្រអធិបតេយ្យភាពរបស់តៃវ៉ាន់។ នេះបើតាមការចុះផ្សាយពី CNA។
ជុំវិញរឿងរ៉ាវនេះផងដែរ ភាគីខាងចិនបានចេញមុខថ្កោលទោសថ្នាក់ដឹកនាំថ្មីរបស់សាធារណរដ្ឋឆេក និងបានចោទប្រកាន់លោកថា មិនគោរពពាក្យសម្ដី។
យោងតាមសម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning បានប្រាប់សារព័ត៌មានថា រដ្ឋាភិបាលចិនបានបង្ហាញការមិនពេញចិត្តជាខ្លាំង និងជំទាស់ដាច់អហង្ការចំពោះការសន្ទនារវាងប្រធានាធិបតីឆេក និងតៃវ៉ាន់ ជុំវិញការឯកភាពលើអធិបតេយ្យភាពរបស់កោះតៃវ៉ាន់។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះថែមទាំងបានអះអាងថា ថ្នាក់ដឹកនាំឆេកគួរតែគោរពតាមការសម្រេចចិត្តរបស់ចិនដែលអះអាងថា កោះតៃវ៉ាន់ជាចំណែកមួយនៃទឹកដីរបស់ខ្លួន និងមិនគួរផ្លាស់ប្ដូរគោលជំហរ ពេលក្លាយជាថ្នាក់ដឹកនាំកំពូលបែបនេះឡើយ៕