ក្រុមហ៊ុនអចលនទ្រព្យប្រកាសក្ស័យធននៅវៀតណាម កើនឡើងជិត ៤០% កាលពីឆ្នាំ ២០២២

អន្តរជាតិ

ថ្មីៗនេះ បើតាមការឱ្យដឹងពីក្រសួងសំណង់វៀតណាម បានបង្ហាញថាចំនួនក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរៀតណាម ដែលបានប្រកាសក្ស័យធន បានកើនឡើងដល់ ៣៨,៧% កាលពីឆ្នាំ ២០២២ កន្លងទៅ ដោយសារតែលំហូរសាច់ប្រាក់មិនគ្រប់គ្រាន់ និងថ្លៃដើមក្នុងការសាងសង់កើនឡើងខ្ពស់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន Vietnam Express បានអះអាងផងដែរថា អ្នកអភិវឌ្ឍអចលនទ្រព្យជាច្រើននៅវៀតណាម បានជួបប្រទះនូវផលពិបាកខ្លាំង ក្នុងការទទួលបានប្រាក់កម្ចី រួមទាំងការចេញសញ្ញាប័ណ្ណសារជីវកម្ម និងការប្រមូលដើមទុនពីអតិថិជនជាដើម ខណ:កង្វះដើមទុននេះ បានបង្ខំឱ្យអាជីវកម្មទាំងនោះ ត្រូវពន្យាពេល ឬឈានដល់ការផ្អាកគម្រោងរបស់ពួកគេជាច្រើន ។

ជុំវិញបញ្ហានេះផងដែរ ក៏បានធ្វើឱ្យក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យវៀតណាមជាច្រើន ត្រូវកាត់បន្ថយការសាងសង់ និងធនធានមនុស្សជាច្រើន ដោយក្នុងនោះមានក្រុមហ៊ុនខ្លះ ថែមទាំងបានបញ្ឈប់កម្មកររបស់ខ្លួនរហូតដល់ទៅពាក់កណ្តាល ខណ:ខ្លះទៀតត្រូវលុបចោល ឬពន្យាពេលគម្រោងវិនិយោគ និងថែមទាំងបង្ខំចិត្តបោះផ្សាយលក់មូលបត្រជាសារធាណ:ក៏មាន ។

តែទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងបញ្ហានេះ ក៏មានសហគ្រាសអចលនទ្រព្យថ្មីៗចំនួន ៨ ៥៩៣ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០២២ ផងដែរ ដែលជាចំនួនកើនឡើង ១៣,៧% បើធៀបទៅនឹងឆ្នាំ ២០២១ ។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្មីៗនេះ បានធ្វើការជំរុញឱ្យធនាគារកណ្តាល ធ្វើយ៉ាងណាឱ្យមានភាពប្រសើឡើងវិញ នូវលទ្ធភាពទទួលបានឥណទានសម្រាប់អាជីវកម្មអចលនទ្រព្យ និងអ្នកទិញ ខណ:លោកក៏បានស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយជំរុញដល់ការអភិវឌ្ឍគម្រោងអចលនទ្រព្យ រៀបចំឡើងវិញនូវរចនាសម្ព័ន្ធទីផ្សារអចលនទ្រព្យ ដោះស្រាយបំណុល និងបញ្ហាសញ្ញាប័ណ្ណអាជីវកម្ម សម្រាប់ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យផងដែរ ៕