យោងទៅតាមប្រភពផ្លូវការមួយ បានបង្ហាញថា ប្រទេសថៃ គ្រោងនឹងចាប់ផ្តើមបើកការសាងសង់ទីក្រុងអាកាសចរណ៍មួយ ដែលមានតម្លៃរហូតដល់ទៅ ២៩០ ពាន់លានបាត (៨,៨ ពាន់លានដុល្លារ) នៅដើមឆ្នាំ ២០២៣ នេះ។
បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានឱ្យដឹងទៀតថា ជុំវិញផែនការវិនិយោគដ៏ធំសម្បើមមួយនេះ នឹងប្រែក្លាយអាកាសយានដ្ឋានចាស់ U-Tapao ទៅជាអាកាសដ្ឋានអន្តរជាតិថ្មី និងទំនើបបំផុតមួយ ដែលតភ្ជាប់គ្នាជាមួយអាកាសយានដ្ឋានសំខាន់ៗនៅក្នុងប្រទេសផ្សេងទៀត ដូចជា Don Mauang និងអាកាសយានដ្ឋានសុវណ្ណភូមិ ។
បើតាមការឱ្យដឹងពីរដ្ឋាភិបាលថៃ បានអះអាងថា គម្រោងនេះ ត្រូវចូលរួមសហការគ្នារវាងវិស័យសាធារណ: និងឯកជន ដើម្បីបង្កើតជាទីក្រុងថ្មីមួយ ឈ្មោះថា Estern Aviation City ដោយនឹងគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១ ០៤០ ហិកតា ស្ថិតនៅក្នុងខេត្តរ៉ាក់យ៉ង ហើយគោលបំណងធំក្នុងការសាងសង់ទីក្រុងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ។
មិនតែប៉ុណ្ណោះ ទីក្រុងថ្មីនេះ ក៏រួមបញ្ចូលផងដែរ នូវតំបន់ពាណិជ្ជកម្មសេរីសម្រាប់បម្រើដល់ការដឹកជញ្ជូនទំនិញ មជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរណ៍ ព្រមទាំងមជ្ឈមណ្ឌលថែទាំ ជួសជុលយន្តហោះផងដែរ ។
លើសពីនេះបើតាមលោកស្រី Tipanan Sirichana អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះ នឹងអាចបង្កើតការងារថ្មីៗបន្ថែមរហូតដល់ ១៥ ៦០០ កន្លែង ក្នុងរយ:បេល ៥ ឆ្នាំដំបូង ហើយវាក៏នឹងអាចជួយជំរុញដល់កំណើននៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសថៃ ថែមទៀតផងដែរ ៕