លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice បានឱ្យដឹងថា តំលៃធាតុជី ប្រេង ថ្នាំ ការដឹកជញ្ជូនមានភាពល្អប្រសើរ ស្ទើរដូចមុន កូវិដ ១៩ បានកំពុងជំរុញឱ្យតម្លៃស្រូវ២ប្រភេទ គឺស្រូវក្រអូបសើមឡើងថ្លៃជាង១២០០ រៀល ក្នុង១គីឡូរក្រាម និងស្រូវសរសើមឡើងថ្លៃដល់១០៤០រៀល ក្នុង១ គីឡូរក្រាម។ អ្នករកស៊ីក្នុងវិស័យស្រូវអង្កររូបនេះ ចាត់ទុកថា នេះគឺ សញ្ញាវិជ្ជមាននៃវិស័យស្រូវអង្ករកម្ពុជា។
បើតាមលោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា៖«ពូរ មីង បង ប្អូន កសិករ តើសប្បាយចិត្តឬទេ? នៅពេលស្រូវក្រអូបសើមឡើងថ្លៃ ពី៩០០ រៀល / ១គីឡូរក្រាម ក្នុងដើមខែ វិច្ចិកា ២០២២ មក ជាង១២០០ រៀល / ១ គីឡូរក្រាម ខែ មករា ២០២៣ ហើយស្រូវសរសើមឡើងថ្លៃ ពី ៨៥០ រៀល / ១ គីឡូរក្រាម កើនដល់១០៤០ រៀល / ១ គីឡីរក្រាម»។
ប្រធានក្រុមហ៊ុន Amru Rice រូបនេះអះអាងថា តំលៃធាតុជី ប្រេង ថ្នាំ ការដឹកជញ្ជូនមានភាពល្អប្រសើរ ស្ទើរដូចមុន កូវិដ ១៩ ខណៈលោកឧកញ៉ាក៏បានអគុណដល់សមាជិករោងម៉ាស៊ីនកិនស្រូវ ធនាគារអភិវឌ្សន៍ជនបទ និងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្រសួងពាណិជកម្ម ក្រសួងកសិកម្ម និងអង្កការដៃគូរអភិវឌ្ឍន៍ ដែលសហការជួយគាំទ្រទាំងបច្ចេកទេស ពូជ ថវិកាកម្ចី ដើម្បីជួយបងប្អូនកសិករ ចាប់ពីទីវាល់ស្រែ រហូតដល់ទីផ្សារផងដែរ។
គួរបញ្ជាក់ដែរថា បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា គិតត្រឹមរយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៦៣៧០០៤តោន និងនាំចេញស្រូវបានចំនួន ៣៤៦៧៨៨៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង១២៥៥លានដុល្លារសហរដ្ឋអាម៉េរិក៕
អត្ថបទ៖ ពិសី