ក្នុងឆ្នាំ២០២២កន្លងមកនេះ កម្ពុជាបាននាំចូលរថយន្តពីខាងក្រៅមកលក់ឬចែកចាយនៅក្នុងស្រុកមានទំហំទឹកប្រាក់ ១៤៩២លានដុល្លារអាមេរិកកើនឡើងប្រមាណ ២៨៥លានដុល្លារអាមេរិក ឬស្មើរប្រមាណ២៤% បើប្រៀបធៀបទៅនិងឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ១២០៧លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ស្ថិតិនាំចូលមុខទំនិញសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ។
ស្របពេលការនាំចូលរថយន្តមកពីខាងក្រៅមានការកើនឡើង២៤%នៅឆ្នាំ២០២២ អ្នកជំនាញនៅក្នុងវិស័យយានយន្តសង្កេតឃើញថា ការនាំចូលនៅរថយន្តថ្មីមានការកើនឡើងគួរឱ្យកត់សម្គាល់តាមរយៈតម្រូវការប្រើប្រាស់រថយន្តថ្មីពីសំណាក់ប្រជាពលរដ្ឋមានកើនឡើង។ លោក ងន សាំង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនRMA មានប្រសាសន៍ថា បើតាមទំហំទឹកប្រាក់នៃការនាំចូលរថយន្តខាងលើបង្ហាញថានាំចូលរថយន្តសរុបមកកម្ពុជាមានការកើនឡើង ហើយក្នុងនោះការនាំចូលរថយន្តថ្មីក៏មានការកើនឡើងផងដែរ។
លោកបន្តថា ការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកមកកាន់កម្ពុជាវានៅតែមានច្រើនដដែល ប៉ុន្តែមកដល់ពេលនេះបរិមាណនៃការនាំចូលរថយន្តថ្មីកើនឡើងជាលំដាប់ពីមួយឆ្នំាទៅមួយឆ្នាមដោយសារ៖១)-ប្រជាជនយើងមានការយល់ដឹងពីគុណតម្លៃនៃរថយន្តថ្មី ការប្រើប្រាស់វាមានសុវត្ថិភាពជាង សន្សំសំចៃថវិកាបានច្រើននិងចំណេញពេលវេលាជាងការប្រើប្រាស់រថយន្តជជុះ ដែលជាប្រភេទរថយន្តគ្រោះថ្នាក់ឬជារថយន្តដែលគេហាមមិនឱ្យប្រើប្រាស់ ដែលបាននាំចូលមកស្រុកខ្មែរ។បើយើងទៅមើលដូចនៅសហរដ្ឋអាមេរិកដែលជាប្រទេសដែលគេនាំចូលរថយន្តជជុះមកពីអាមេរិកច្រើន មិនមែនគេអត់មានរថយន្តចាស់ទេ គេមានច្រើនអីចឹងរថយន្តដែលគេនាំចូលមកគឺមានបញ្ហាមួយចំនួន ដល់ពេលយើងទិញមកជិះវាអាចមានបញ្ហាដោយចៃដន្យណាមួយដែលយើងមើលមិនឃើញអាចមានច្រើន។២)-ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនមានការកើនឡើងជំរុញឱ្យគាត់ចង់ប្រើប្រាស់រថយន្តថ្មីដែរផ្អែកលើជីវភាពរបស់ពួកគាត់។៣)-តម្លៃរថយន្តថ្មីនិងរថយន្តជជុះវាមិនខុសគ្នាច្រើននោះទេតម្លៃខុសគ្នាតិចតួចប៉ុណ្ណោះនៅពេលសព្វថ្ងៃនេះ ខណៈដែលវិស័យហិរញ្ញវត្ថុនៅក្នុងស្រុកមានការរីកចម្រើន ពុំចំាបាច់ឱ្យយើងទិញរថយន្តថ្មីតម្រូវឱ្យទៅបង់លុយទំាងអស់ក្នុងពេលតែម្តងនោះទេ យើងមានលុយតែល្មមបង់ដើមឱ្យគេបានហើយ បន្ទាប់មកយើងចំាបង់រំលស់ប្រចាំខែឱ្យតែយើងមានការងារធ្វើអាចរកលុយទិញរថយន្តថ្មីបាន។ ជារួមកំណើននៃការប្រើប្រាស់រថយន្តថ្មីកើនឡើងច្រើនជាងរថយន្តជជុះហើយ នៅរយៈពេល១ឆ្នាំឬ២ឆ្នាំទៀត ការប្រើប្រាស់រថយន្តថ្មីនឹងនាំមុខរថយន្តជជុះវិញមិនខាន។
បើតាមលោក ងន សាំង ការប្រើប្រាស់រថយន្តថ្មីនិងរថយន្តជជុះនៅកម្ពុជាកន្លងមកនេះវាមានការប្រែប្រួលជាប្រចាំ។ តួយ៉ាងនៅឆ្នាំ២០២២កន្លងមកនេះ ការប្រើប្រាស់រថយន្តថ្មីមានប្រហែល៤០% ហើយនៅឆ្នាំ២០២១មានប្រហែល៣៣%ឬ៣៤% ។ ដូចនេះបង្ហាញថា ការប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាបន្តបន្ទាប់។
លោកលើកជាឧទាហរណ៍ថា ក្នុងឆ្នាំ២០២១ ក្នុងចំណោមរថយន្តនាំចូលមក១០០គ្រឿងក្នុងនោះ៣៤%ជារថយន្តថ្មីនិង៦៦%ជារថយន្តជជុះ តែមកដល់ឆ្នាំ២០២២ ក្នុងចំណាមរថយន្តនាំចូលមក ១០០គ្រឿងដដែលមាន៤០ជារថយន្តថ្មីនិង៦០ជារថយន្តជុះ។ ដូចនេះកំណើននៃការនាំចូលរថយន្តថ្មីវាកើនឡើងលឿនជាងរថយន្តជជុះ។
លោកលើកឡើងថា តាមពិតទៅរថយន្តជជុះយើងអត់ដឹងអំពីប្រវត្តិរបស់វាទេ ដូចនេះប្រសិនជាពលរដ្ឋខ្មែរមានលទ្ធភាពគ្រប់គ្រាន់ហើយមិនគួរទៅប្រើប្រាស់រថយន្តជជុះទេដើម្បីសុវត្ថិភាពក្រុមគ្រួសារក៏ដូចជាអ្នកបើកបរ។
លោកសង្កត់ធ្ងន់ថា«ខ្ញុំគិតថាប្រជាជនយើងជាមួយនិងស្ថានភាពសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារនៅពេលបច្ចុប្បន្ននេះយើងគួរតែប្រើរថយន្តថ្មីហើយជំនួសឱ្យការប្រើប្រាស់រថយន្តជជុះវិញ។លើសពីនេះរាជរដ្ឋាភិបាលបានចានផ្តើមឆ្នំាមុននេះគឺយើងមានស្តង់ដាសុវត្ថិភាព ហើយនឹងចាប់ផ្តើមអនុវត្តទៅលើរថយន្តថ្មី មានន័យថារថយន្តដែលបាននាំចូលមកបានលុះណា ធ្វើទៅតាមអនុលោមតាមស្តង់ដាពិភពលោក ស្តង់ដាសុវត្ថិភាពរបស់កម្ពុជាទើបអាចយកចូលបាន»៕ អត្ថបទ៖សារេត