ជំទាវឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា (World International School Cambodia) បានចែករំលែកពីគន្លឹះ និងបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួន ដើម្បីអាចប្រែក្លាយជីវិតពីអ្នកក្រីក្រ ទៅជាអ្នកមាន។ ក្នុងនោះ លោកជំទាវ បានលើកឡើងថា «ការសិក្សា» ជាគន្លឹះសំខាន់បំផុត បន្ទាប់មកគឺត្រូវឧស្សាហ៍ព្យាយាម តស៊ូ មានគោលដៅ ហ៊ានស្រម៉ៃធំ និងមានការតាំងចិត្តខ្ពស់។
លោកជំទាវ បានលើកឡើងកាលពីពេលថ្មីៗនេះថា ភាពមានបាន អាចកើតឡើងលើមនុស្សគ្រប់គ្នា អាស្រ័យលើសកម្មភាពរបស់យើងម្នាក់ៗ ភាពឧស្សាហ៍ព្យាយាមរបស់យើង ភាពចង់បានរបស់យើង។ នៅពេលយើងមានការចង់បាន ទើបនាំឱ្យយើងធ្វើសកម្មភាព ដើម្បីសម្រេចគោលដៅនោះ។
សម្រាប់ការចាប់ផ្តើមភាពមានបានរបស់លោកជំទាវ គឺជ្រើសយកការសិក្សា ដើម្បីផ្លាស់ប្តូរពីភាពក្រីក្រ មកមានជីវភាពធូរធារ។ ប្រសិនយើងគ្មានលទ្ធភាពបង់ថ្លៃសាលា យើងអាចរៀនចាប់យកជាជំនាញ ដើម្បីឈានជើងមួយជំហ៊ាន ក្នុងការផ្លាស់ប្តូរខ្លួនឯងក្នុងជីវិត បើមិនដូច្នោះទេគឺយើងមិនអាចផ្លាស់ប្តូរជីវិតពីភាពក្រីក្របាននោះទេ។
លោកជំទាវ បានបន្តថា តើអ្នកក្រ ធ្វើយ៉ាងណាទើបក្លាយជាអ្នកមាន? ភាគច្រើនអ្នកក្រ គឺមានភាពភ័យខ្លាចច្រើន ដោយសារតែចំណេះដឹងនៅមានកម្រិត និងអ្នកនៅជុំវិញខ្លួនក្រទាំងធនធាន ឬអាចក្រទាំងគំនិត។ នៅពេលឪពុកម្តាយក្រគំនិត គឺពួកគាត់មិនអាចបង្ហាញផ្លូវដល់កូនៗឱ្យបានវែងឆ្ងាយនោះទេ។ ចំណែកគ្រួសារលោកជំទាវ ទោះបីគ្រួសារក្រីក្រ តែឪពុកម្តាយឧស្សាហ៍ព្យាយាម ហើយពួកគាត់តែងផ្តល់គំនិតល្អៗ និងផ្តល់ក្តីស្រម៉ៃខ្ពស់ ទោះបីយើងក្រីក្រ តែយើងមានក្តីស្រម៉ៃថា យើងចង់ក្លាយជាអ្នកមាន។ ម្យ៉ាងទៀត កាលលោកជំទាវនៅពីក្មេង អ្នករស់នៅជុំវិញខ្លួនសុទ្ធតែអ្នកមាន មិត្តភ័ក្តិ អ្នកស្គាល់គ្នា សុទ្ធតែជាអ្នកមានទាំងអស់។ ដល់ពេលដើរជាមួយគេយូរៗទៅ មានអារម្មណ៍ថាខ្មាស់គេ ហើយលោកជំទាវក៏ចង់ក្លាយដូចពួកគេ ធ្វើយ៉ាងណាដើម្បីឱ្យក្លាយជាអ្នកមាន។
ថ្ងៃមួយម្តាយលោកជំទាវថា ចង់ឃើញកូនទៅរៀននៅភ្នំពេញ និងមានការងារធ្វើ ពាក់ខោអាវស្អាតៗ។ ពេលនោះលោកជំទាវក៏មានស្មារតីមួយថា នេះជាឱកាសក្លាយជាអ្នកមាន។ បើលោកជំទាវ ពឹងលើទ្រព្យឪពុកម្តាយ គឺមិនអាចខ្លាចជាអ្នកមានទេ ហើយក៏មិនអាចយកទ្រព្យធនតិចតួចនោះមករកស៊ី ដើម្បីខ្លាចជាអ្នកមានបានដែរ។ ដូច្នេះលោកជំទាវ ជឿថាមានការសិក្សាមួយមុខគត់ ដែលអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនពីអ្នកក្រ ទៅជាអ្នកមានបាន។
ការដែលយើងតាំងចិត្តខ្ពស់ និងមានការស្រម៉ៃខ្ពស់ នូវអ្វីដែលយើងចង់បាន ដូច្នេះការរៀនរបស់យើងគឺមានការខិតខំខ្លាំង និងរៀនគ្មានពេលសម្រាក។ អ្វីក៏ដោយឱ្យតែយើងតស៊ូ យើងមានគោលដៅ និងមានការតាំងចិត្តខ្ពស់ គឺគ្មានអ្វីជាឧបសគ្គនោះទេ អ្វីក៏យើងអាចធ្វើបានដែរ ជាពិសេសត្រូវប្រឹងប្រែងកែប្រែជីវភាពខ្លួនឯង ក្លាយទៅជាអ្នកមាន ដើម្បីជាការតបស្នងដល់អ្នកមានគុណផង។
លោកជំទាវ សាយ សោភា បានបញ្ជាក់ឱ្យដឹងថា លោកជំទាវមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ តស៊ូមករាជធានីភ្នំពេញ ដើម្បីបន្តសិក្សា ប៉ុន្តែសិក្សាមិនទាន់បានមួយឆ្នាំផង គ្រួសារនៅស្រុកកំណើតត្រូវចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិអស់ទៀត។ ដោយសារមានលុយតិចតួច លោកជំទាវតែងជ្រើសរើសរៀននៅសាលាណាដែលធូរថ្លៃ ឬសាលាអង្គការនានា រហូតអាចសិក្សាចប់កម្រិតឧត្តម និងចេះភាសាចិនអាចប្រើការបាន ដោយចំណាយពេលសិក្សាតែ ៣ឆ្នាំប៉ុណ្ណោះ។
សូមជម្រាបថា លោកជំទាវ សាយ សោភា ជាឧត្ដមភរិយារបស់លោកឧកញ៉ា ភឺន ផល្លា។ លោកជំទាវ ទើបត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” តបតាមសេចក្ដីទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២៕