World Bank អនុម័តផ្តល់ប្រាក់កម្ចី ៦០០ លានដុល្លារ ជូនហ្វីលីពីន សម្រាប់​ស្តា​សេដ្ឋកិច្ចឡើងវិញ

អន្តរជាតិ

ថ្មីៗនេះ ធនាគារពិភពលោក បានធ្វើការអនុម័តផ្តល់ប្រាក់កម្ចីចំនួន ៦០០ លានដុល្លារ ទៅកាន់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រដល់ការស្តាសេដ្ឋកិច្ចឡើងវិញ នៅក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា មូលនិធិនេះ នឹងមានបំណងធ្វើឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន និងដើម្បីជួយការពារប្រឆាំងទៅនឹងហានិភ័យ ដែលអាចកើតមានដោយសារគ្រោះមហន្តរាយធម្មជាតិផងដែរ ។

លើសពីនេះ លោក Ndiame Diop នាយកធនាគារពិភពលោក ប្រចាំប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បាននិយាយថា ការផ្តល់ជូនជំនួយផ្នែកហិរញ្ញវត្ថុនេះ អាចជាកត្តាដ៏សំខាន់ ក្នុងការបង្កើនលឿនកាត់បន្ថយភាពក្រីក្រ និងពង្រឹងដល់ការស្តាសេដ្ឋកិច្ចឡើងវិញ ពីជំងឺរាតត្បាត។

ធនាគារពិភពលោក ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ប្រាក់កម្ចីនេះ ក៏មានគោលបំណងធំ ក្នុងការចូលរួមអភិវឌ្ឍទីផ្សារផ្តល់ការធានារ៉ាប់រង ចំពោះគ្រោះមហន្តរាយនៅក្នុងប្រទេសហ្វីលីពីន ដើម្បីការពារប្រជាជន ពីការធ្លាក់ចូលទៅក្នុងភាពក្រីក្រ បន្ទាប់ពីកើតមានគ្រោះមហន្តរាយធម្មជាតិ។

គួរឱ្យដឹងផងដែរថា ប្រទេសហ្វីលីពីន ដែលមានប្រជុំកោះសរុបជាង ៧ ៦០០ ត្រូវបានវាយប្រហារដោយព្យុះត្រូពិកជាមធ្យម ២០ ដង ក្នុងមួយឆ្នាំ ដែលបណ្តាលឱ្យមានការបាក់ដី និងគ្រោះទឹកជំនន់ភ្លាមៗ ព្រមទាំងបានបំផ្លាញដល់ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ ៕